ដោយៈ ម៉ាលីនណា
កូរ៉េៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបាននាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ ក្រុមហ៊ុន Kyungshin Co., Ltd. ឯកទេសក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត។
ដំណើរទស្សនកិច្ចនេះ ទទួលបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។
អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងទស្សនកិច្ចការងារនាឱកាសនេះ មានការចូលរួមពី លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ មានជំនាញឯកទេសលើការផលិត ខ្សែភ្លើងរថយន្ត (Wiring Harnesses) ឧបករណ៍ភ្ជាប់ចរន្ត (Connectors) ប្រអប់ហ្វុយស៊ីប/ប្រអប់បំបែកចរន្ត (Junction Blocks) ខ្សែកាប (Cables) និងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី (EV Electrical Systems)។
បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍយ៉ាងសកម្ម លើបច្ចេកវិទ្យាទំនើបៗសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត (Future Mobility Solutions)។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Kyungshin បានបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត (Wire Harness) តាំងពីឆ្នាំ ២០១២ មកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ២០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នរោងចក្រនេះមានកម្មករ និយោជិត បម្រើការងារចំនួន១.៤៦៧នាក់៕








