សម្តេចធិបតីប្រកាសជំហរដ៏ច្បាស់លាស់ ក្នុងពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីជាមួយប្រធានាធិបតីរុស្ស៊ី

ចែករំលែក

ដោយៈ ម៉ាលីនណា

    រុស្ស៊ីៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី សម្តេចបានប្រកាសជំហរដ៏ច្បាស់លាស់ ក្នុងពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្ត​ភាពថ្មី នៅលើពិភពលោកបន្ដទៅថ្ងៃមុខទៀត។

នេះជាការគូសបញ្ជាក់អំពីខ្លឹមសារជំនួសសំខាន់ៗ ដោយលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស ក្រោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

លោកតាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍បន្តថា តាមរយៈសារនយោបាយដ៏ច្បាស់លាស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រធានាធិបតីរុស្ស៊ី គឺបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ប្រកបដោយតុល្យភាពរបស់កម្ពុជា នៅក្នុងបរិបទមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិនថិតថេរ

លោកបញ្ជាក់ថា សារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនោះគឺ កម្ពុជានៅតែបន្ដពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោកបន្ដទៅថ្ងៃមុខទៀត”។ លោកបន្ថែ មថា “នេះគឺជាទិសដៅនៃគោលនយោបាយ ការបរទេសឯករាជ្យ ប្រ​ក​បដោ​យតុល្យភាពរបស់កម្ពុជាយើង នៅក្នុងបរិបថមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិនថិតថេរទាល់តែសោះ

ក្រៅពីបញ្ជាក់សារនយោបាយរបស់កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ពូ ទីន សម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-រុស្ស៊ី ។ ក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានស្នើរុស្សី បង្កើតពាណិជ្ជកម្មសេរី រវាងកម្ពុជា និងអឺរ៉ាស៊ីផងដែរ។

សម្តេចបានលើកឡើងថា ឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររួម គឺខួបលើកទី៧០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ប្រាំពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី។

សម្តេចលើកឡើងថា កម្ពុជាតែងតែចងចាំ ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់អតីតសហភាពសូវៀត ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់យើង នៅក្នុងប្រវត្តិសាស្ត្ររបស់យើង បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបប៉ុលពតក្នុងឆ្នាំ ១៩៧៩។

សម្តេចក៏បានកោតសរសើរ ចំពោះការរួមចំណែកយ៉ាងសំខាន់ជាបន្តបន្ទាប់របស់រុស្ស៊ី ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយក៏ដោយ ជំហររបស់កម្ពុជាលើទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី នៅតែមិនផ្លាស់ប្តូរ។ ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ ការគាំទ្រគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម រុស្ស៊ីនៅតែជាដៃគូយូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា។

សម្តេចបញ្ជាក់ថា “កម្ពុជាឱ្យតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ជាបន្តបន្ទាប់របស់រុស្ស៊ី នៅក្នុងកិច្ចការតំបន់ និងសកលលោក រួមទាំងការជំរុញតួនាទីរបស់អង្គការសហប្រជាជាតិ ការបង្កើនសំឡេងនៃភាគខាងត្បូងសកល និងការលើកកម្ពស់ការតភ្ជាប់RU-ASEAN ផងដែរ”៕

 


ចែករំលែក