ដោយៈ ចំណាន
កូរ៉េខាងត្បូងៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជាបានរៀបចំឱ្យមានច្រក “Korea Desk” ដើម្បីផ្តល់សេវាពិគ្រោះប្រឹក្សា និងផ្តល់នូវព័ត៌មានពាក់ព័ន្ធជូនដល់វិនិយោគិនកូរ៉េ។
លោកស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (Foreign Investment Ombudsman – FIO)។
ក្នុងឱកាសនោះ លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការ ដែលផ្តល់ឱកាស ឱ្យមានការសន្ទនាត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD) និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធ ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា ដែលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការការពារ និងបង្កលក្ខណៈងាយស្រួលជូនដល់វិនិយោគិនបរទេស។
ស្ថាប័នផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) គឺជាយន្តការឯករាជ្យមួយក្នុងការដោះស្រាយទុក្ខកង្វល់ និងបណ្តឹងតវ៉ា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ១៩៩៩ ស្ថិតក្រោមច្បាប់ជំរុញការវិនិយោគបរទេសរបស់សាធារណរដ្ឋកូរ៉េ ប៉ុន្តែជាស្ថាប័នឯករាជ្យដោយអ្នកបម្រើការនៅក្នុងស្ថាប័ននេះ មិនមែនជាមន្ត្រីរាជការនោះទេ ប៉ុន្តែជាអ្នកជំនាញអាជីព ទៅតាមវិស័យនីមួយៗ។
FIO មានការទទួលខុសត្រូវ លើការផ្តល់ការប្រឹក្សាយោបល់ដ៏ក្រុមហ៊ុន ដែលមានបំណងបណ្ដាក់ទុនវិនិយោគ ឬបានបណ្តាក់ទុននៅក្នុងប្រទេសកូរ៉េ ដោយដោះស្រាយរាល់ការលំបាក ទុក្ខកង្វល់ និងបណ្តឹងតវ៉ានានា ដែលប្រឈមដោយវិនិយោគិនបរទេស ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងសម្របសម្រួលដល់ការដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនបរទេសឱ្យទទួលបានជោគជ័យ។

ប្រព័ន្ធOmbudsman របស់សាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់ការផ្តល់ការគាំទ្រដល់វិនិយោគិន ចាប់តាំងពីដំណាក់កាលដំបូង និងការថែទាំវិនិយោគិន។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់ ដោយអង្គការអន្តរជាតិនានា ដូចជា អង្គការ OECD, ធនាគារពិភពលោក (World Bank) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ចំពោះប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន។ បណ្តាប្រទេសជាច្រើន បានសិក្សា និងដកស្រង់ពិសោធន៍តាមគំរូនេះ នៅក្នុងការបង្កើតយន្តការផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិន នៅក្នុងប្រទេសរបស់ខ្លួន។
ក្នុងកិច្ចពិភាក្សាការងារនេះ លោកប្រធានFIO បានលើកឡើងពីប្រព័ន្ធ “Home Doctor” ដែលជាយន្តការដ៏ជោគជ័យរបស់កូរ៉េ ក្នុងការចាត់តាំងអ្នកជំនាញ ទទួលបន្ទុកដោយផ្ទាល់លើករណីនីមួយៗ ដើម្បីពិនិត្យបញ្ហាប្រឈម និងសម្របសម្រួលស្វែងរកដំណោះស្រាយជូនវិនិយោគិនបរទេស អោយបានទាន់ពេលវេលា។ ក្នុងឱកាសនេះ លោកប្រធានក៏បានបង្ហាញ ពីការគាំទ្រក្នុងការចូលរួមផ្តល់ជំនួយបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ ដែលមានលក្ខណ:ស្រដៀងគ្នានេះដល់កម្ពុជាផងដែរ៕







