ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថាប្រសិនបើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អនុវត្តដោយជោគជ័យ នោះឥទ្ធិពលជារួមលើទីផ្សារអចលនទ្រព្យសកលអាចនឹងមានភាពវិជ្ជមាន។ ប៉ុន្តែ ឥទ្ធិពលនឹងប្រែប្រួលទៅតាមតំបន់។
ការធ្លាក់ចុះនៃតម្លៃថាមពលនឹងកាត់បន្ថយសម្ពាធអតិផរណា ដែលអាចផ្តល់ឱកាសឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ ឬជៀសវាងការដំឡើងអត្រាការប្រាក់បន្ថែមទៀត។
ដោយសារអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះគឺជាកត្តាជំរុញដ៏ធំបំផុតមួយនៃតម្រូវការអចលនទ្រព្យ ជាទូទៅ ការណ៍នេះនឹងគាំទ្រដល់ទីផ្សារលំនៅឋាននៅទូទាំងពិភពលោក។
ប្រទេសដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុត មានដូចជា ប្រទេសចិន ឥណ្ឌាជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសអឺរ៉ុប ខណៈប្រទេសទាំងនេះជាអ្នកនាំចូលថាមពលសំខាន់ៗ និងទទួលបានអត្ថប្រយោជន៍នៅពេលតម្លៃប្រេងធ្លាក់ចុះ។
ចំពោះទីផ្សារអចលនទ្រព្យអាស៊ាន ការធ្លាក់ចុះនៃតម្លៃប្រេងអាចជួយកាត់បន្ថយថ្លៃដើមអាជីវកម្ម បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់វិស័យទេសចរណ៍។

ការថយចុះនៃហានិភ័យភូមិសាស្ត្រនយោបាយគឺជាសញ្ញាវិជ្ជមានសម្រាប់បណ្តាអ្នកវិនិយោគ។ ទោះជាយ៉ាងណា ការធ្លាក់ចុះនៃតម្លៃប្រេងអាចកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលរបស់ប្រទេសអារ៉ាប់មួយចំនួន។
ទីផ្សារអចលនទ្រព្យនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាពិសេសទីក្រុងឌូបៃ នឹងបង្ហាញសញ្ញាវិជ្ជមាន ខណៈទីផ្សារត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយមូលធនអន្តរជាតិ ទេសចរណ៍ និងសកម្មភាពអាជីវកម្មជាជាងវិស័យប្រេង។
ការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀងខាងលើ ក៏អាចជួយជំរុញទីផ្សារភាគហ៊ុនសកល និងភាគហ៊ុនបច្ចេកវិទ្យា ដោយកាត់បន្ថយភាពមិនប្រាកដប្រជា និងជំរុញតម្រូវការលំនៅឋានប្រណីតនៅក្នុងទីក្រុងដូចជា សិង្ហបុរី ទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក៕ប្រភព: Reuters៕







