ធនាគារ​ពិភពលោក​គាំទ្រ​ការ​អនុវត្ត​គម្រោង​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍បេសកកម្មដំបូង របស់ធនាគារពិភពលោក សម្រាប់គាំទ្រការអនុវត្តគម្រោងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា (CRCI) ដំណាក់កាលទី១។

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង លោកហេង ណន បានអញ្ជើញជួបប្រជុំជាមួយលោក Sadig Aliyev មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូន (TL, Lead transport specialist) នៃធនាគារពិភពលោក(World Bank) ស្ដីពីការបូកសរុបរបាយការណ៍បេសកកម្មដំបូង របស់ធនាគារពិភពលោកនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអ្នកជំនាញរបស់ធនាគារពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកាគម្រោងជាច្រើនរូប។

គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីធ្វើការបូកសរុប លើការងារបច្ចេកទេសនានាគាំទ្រការអនុវត្តគម្រោង ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៧ និង១៩ ខែមិថុនា ឆ្នាំ២០២៦ របស់ធនាគារពិភពលោក(WB) និងការផ្ដល់នូវធាតុចូលសំខាន់ៗ ព្រមទាំងដំណោះស្រាយ អំពីនីតិវីធីនិងផែនការសកម្មភាពនានា លើការរៀបចំដំណើរការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ការងារលទ្ធកម្ម ការងារបរិស្ថាននិងសង្គម ការកំណត់ផែនការសកម្មភាព រួមទាំងការងារសំខាន់ៗពាក់ព័ន្ធគម្រោង ដើម្បីពន្លឿនការរៀបចំ និងការអនុវត្តការងារនាពេលខាងមុខនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នាឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះ មន្ត្រីជំនាញ និងក្រុមការងារធនាគារពិភពលោក ដែលបានផ្ដល់ជំនួយគាំទ្រគម្រោង និងផ្នែកបច្ចេកទេស ការចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ និងការបន្តកិច្ចសហការគ្នាបន្ថែមទៀត កាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពន្លឿនការអនុវត្តគម្រោងនេះ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការដែលបានគ្រោងទុក៕


ចែករំលែក