កម្ពុជា​កំពុង​ក្លាយ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​ស្ថេរភាព​ តម្លាភាព​ និង​អាច​ទុក​ចិត្ត​បាន​

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី​ លី ធុជបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគ ដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមវេទិកា “កម្ពុជាក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន” ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា។

ក្នុងឱកាសនោះ លោកលី ធុចក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ និងពង្រីកការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងកម្ពុជា ឱ្យក្លាយជាគោលដៅវិនិយោគ ប្រកបដោយស្ថិរភាព តម្លាភាព និងអាចព្យាករបាន ដោយឈរលើមូលដ្ឋាន “ទំនុកចិត្ត សន្តិភាព និងនីតិរដ្ឋ”។

លោកបន្តថា “កម្ពុជាជាប្រទេសដែលគោរព និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយធានាបាននូវបរិយាកាស អំណោយផលសម្រាប់ការវិនិយោគរយៈពេលវែង”។ លោកបន្ថែមថា “រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់អ្នកវិនិយោគ ដែលរួមចំណែកក្នុងការបង្កើតការងារ លើកកម្ពស់ការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព”។

លោកទេសរដ្ឋមន្ត្រីលី ធុចបានអះអាងថា កម្ពុជាតែងតែរក្សាពាក្យសន្យា និងការប្តេជ្ញាចិត្តចំពោះវិនិយោគិន ដោយបន្តបើកទ្វារស្វា​គមន៍ដៃគូដែលមានចក្ខុវិស័យវែងឆ្ងាយ មកចូលរួមក្នុងការកសាងស​ករាជថ្មីនៃការអភិវឌ្ឍជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ភាពធន់ និងវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា “កម្ពុជាមិនត្រឹមតែស្វាគមន៍ការវិនិយោគក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តឱ្យសហគ្រាស និងវិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកាន់តែសកម្មក្នុងទីផ្សារមូលធនកម្ពុជា ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកសាងអនាគតរុងរឿងរបស់ប្រទេសជាតិ”៕


ចែករំលែក