ប្រទេស​អេស្ប៉ាញ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​កង្វះ​ខាត​លំនៅឋាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ទ្វីប​អឺរ៉ុប​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមធនាគារកណ្តាលអេស្ប៉ាញ បានឱ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងប្រឈមមុខនឹងវិបត្តិកង្វះខាតលំនៅឋានយ៉ាងធ្ងន់ធ្ងរ ដោយចំនួនគ្រួសារថ្មីកើនឡើងលឿនជាងចំនួនផ្ទះដែលកំពុងសាងសង់។

ប្រទេសនេះខ្វះខាតផ្ទះប្រហែល៧៥០,០០០ ខ្នង ដែលជាឱនភាពលំនៅឋានធំជាងគេមួយនៅតំបន់អឺរ៉ុប។ ចំនួនពាក់កណ្តាលនៃកង្វះខាតនេះ ប្រមូលផ្តុំនៅទីក្រុងម៉ាឌ្រីដ ទីក្រុង Barcelona និងខេត្តជាប់ឆ្នេរសមុទ្រមួយចំនួនដែលមានប្រជាជនរស់នៅច្រើនកុះករ។

កង្វះខាតលំនៅឋាន រួមផ្សំនឹងភាពរឹងមាំនៃតម្រូវការ ដែលជំរុញដោយលំហូរជនអន្តោប្រវេសន៍ កំពុងជំរុញឱ្យតម្លៃផ្ទះហក់ឡើងថ្លៃ និងធ្វើឱ្យលំនៅឋានលែងមានតម្លៃសមរម្យ។

តម្លៃផ្ទះនៅប្រទេសអេស្ប៉ាញបានកើនឡើង៩,៧ភាគរយក្នុងឆ្នាំ២០២៥ លើសពីកំណើនប្រាក់ចំណូល និងបង្កការពិបាកសម្រាប់អ្នកទិញលើកដំបូងក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ។

ធនាគារកណ្តាលអេស្ប៉ាញព្រមានថា វិបត្តិលំនៅឋានអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យវិសមភាពសង្គមកាន់តែអាក្រក់ទៅៗ ជាពិសេសសម្រាប់យុវជន និងគ្រួសារដែលមានចំណូលទាប។

ខណៈការលក់ផ្ទះស្ថិតក្នុងកម្រិតស្រដៀងគ្នាទៅនឹងកម្រិតក្នុងអំឡុងពេលមានការរីកចម្រើននៃទីផ្សារលំនៅឋាននៅប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០០៨ ធនាគារកណ្តាលអេស្ប៉ាញបានអះអាងថា ស្ថានភាពនាពេលបច្ចុប្បន្នមានភាពខុសគ្នា ខណៈស្តង់ដារផ្តល់ប្រាក់កម្ចីមានភាពតឹងរ៉ឹងជាងមុន៕ប្រភព: Bloomberg៕


ចែករំលែក