តើ​គម្រោង​សាងសង់​អគារ​កប់​ពពក ​Jeddah Tower​ នៅ​អារ៉ាប៊ីសាអូឌីត​ ឈាន​ចូល​ដល់​ដំណាក់​កាល​ណា?​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការសាងសង់អគារកប់ពពក Jeddah Tower នៅប្រទេសអារ៉ាប៊ីសាអូឌីតកំពុងឈានទៅមុខយ៉ាងឆាប់រហ័សឆ្ពោះទៅរកដំណាក់កាលដ៏សំខាន់មួយ។

នៅពេលសាងសង់រួចរាល់ អគារJeddah Tower នឹងមានកំពស់ជាង១.០០០ម៉ែត្រ ខ្ពស់ជាងអគារ Burj Khalifa របស់ទីក្រុងឌូបៃ ដែលបច្ចុប្បន្នជាប់ក្នុងកំណត់ត្រាជាអគារខ្ពស់ជាងគេលើពិភពលោក ដែលមានកម្ពស់៨២៨ម៉ែត្រ។

លោក John Peronto វិស្វករគម្រោងបានអះអាងថា ក្រុមការងារកំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់ការសាងសង់ observation deck ឈ្មោះ “sky terrace” នៅជាន់ទី១៦០ ដែលអាចចំណាយពេលប្រហែល៦០សប្តាហ៍។

បច្ចុប្បន្ន អគារ Jeddah Tower បានផុសឡើងដល់ជិតជាន់ទី១០៤ ដោយមានកម្ពស់ជាង៤០០ម៉ែត្រ។ ការសាងសង់កំពុងដំណើរការ ដោយសម្រេចបានកំពស់ប្រហែល៤ម៉ែត្រក្នុងមួយសប្តាហ៍ ហើយគម្រោងនេះត្រូវបានគេរំពឹងថា នឹងផុសឡើងដល់៥០០ម៉ែត្រក្នុងរយៈពេលប្រហែល២៥សប្តាហ៍។

អគារកប់ពពគ Jeddah Tower នៅតែជានិមិត្តរូបនៃមហិច្ឆតាវិស្វកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈប្រទេសនេះកំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ច ក្រោមចក្ខុវិស័យ “Saudi Vision 2030” ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យប្រេង៕ប្រភព: Newsweek៕


ចែករំលែក