ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីវង្សី វិស្សុតបានបញ្ជាក់ថា បើយើងគិតថា ពិតជាចង់ដោះស្រាយបញ្ហា ដែលកម្ពុជាកំពុងជួបប្រទះ ហើយបើកផ្លូវ និងវែកផ្លូវ សម្រាប់ឱ្យកម្ពុជាងើបឡើងទាំងជាសេដ្ឋកិច្ច វិនិយោគ និងធុរកិច្ច យើងមិនអាចរង់ចាំ១០ឆ្នាំឬ២០ឆ្នាំទៀត ដើម្បីរៀបចំក្រមពាណិជ្ជកម្មនេះឱ្យរួចរាល់នោះទេ ពោលគឺយើងត្រូវចាត់ទុកកិច្ចការនេះ ជាអាទិភាពមួយ។
លោកបញ្ជាក់ថា “វាជាកិច្ចការដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿន ដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញលេញ ព្រមទាំងមានប្រយោជន៍”។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើក និងដឹកនាំសិក្ខាសាលាស្ដីពី ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា កាលពីថ្ងៃទី២៤ មិថុនាកន្លងមកនេះ។
ក្នុងឱកាសនោះផងដែរ លោកវង្សី វិស្សុត បានលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមដោយសកម្ម និងស្មោះត្រង់ ក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលនូវការចេះដឹង បទពិសោធ និងធាតុចូលសំខាន់ៗ ដោយផ្ដោតជាពិសេសទៅលើ ទី១ វិធីសាស្ត្រនៃការរៀបចំក្រម ដោយត្រូវរៀនសូត្រពីប្រទេសផ្សេងៗផង ហើយក៏រៀនសូត្រពីប្រទេសខ្លួនឯងផង និងទី២ វិសាលភាពនៃក្រមនេះ ដោយត្រូវកំណត់ឱ្យបានសមស្រប តែមានភាពគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងតាមបរិបទ និងបទពិសោធន៍របស់កម្ពុជាផ្ទាល់ផងដែរ៕
ឯកឧត្ដម វង្សី វិស្សុត បានគូសរំលេចថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្មបានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម ទៅពាណិជ្ជកម្មបៃតង។
លោកបន្តថា “ទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេភាគី កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល ដែលបង្កើតបានឡើងនូវវិធាននិងគោលការណ៍ នៃការធ្វើពាណិជ្ជកម្មចម្រុះសណ្ឋាន និងស្មុគស្មាញ”។
លោកបន្តថា ស្របពេលដែលទម្រង់ នៃការធ្វើពាណិជ្ជកម្មមានការវិវត្តកាន់តែច្រើន និងកាន់តែសាំញ៉ាំ និន្នាការផ្លូវច្បាប់ក៏ត្រូវតែវិវឌ្ឍទៅតាមនោះដែរ ហើយកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់នៃការផ្លាស់ប្ដូរទាំងនោះ មិនអាចគេចបានឡើយ។ ទន្ទឹមនេះ សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការលើកឡើងជាហូហែររបស់វិស័យឯកជន វិស័យពាណិជ្ជកម្មនៅកម្ពុជា នឹងបន្តមានការប្រឈមមួយចំនួន ដូចជា អសង្គតិភាពរវាងច្បាប់ អសង្គតិភាពរវាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុងវិស័យពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុគស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការសុំលិខិតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាដើម ក៏ដូចជាភាពស្មុគស្មាញនៃនីតិវិធី វិវាទសមត្ថកិច្ចរវាងស្ថាប័នគ្រប់គ្រង ច្បាប់ខ្លះមិនអាចអនុវត្តបានឬហួសសម័យ។

ក្រៅពីនោះ ការធ្វើឌីជីថលូបនីយកម្ម នៃសេវាសាធារណៈក្នុងវិស័យខ្លះ គឺមិនទាន់មានវិធានគតិយុត្ត គ្រប់គ្រងច្បាស់លាស់នៅឡើយ ហើយបើមានក៏ពិបាករក ជាពិសេសគឺប្រកាសរបស់ក្រសួងពាក់ព័ន្ធ។ លើសពីនេះ ទំនុកចិត្តលើប្រព័ន្ធតុលាការ និងយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងបញ្ហាអភិបាលកិច្ចជាដើម។ល។ នៅតែជាបញ្ហាប្រឈម។
លោកវង្សី វិស្សុត បានគូសបញ្ជាក់ថា ដោយយល់ឃើញថា បញ្ហាទាំងអស់ខាងលើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាព និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកសំណើឡើង និងដាក់ចេញនូវគោលគំនិតក្នុងការរៀបចំក្រមពាណិជ្ជកម្ម ជាកិច្ចការស្នូលមួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ការដាក់បញ្ចូលគ្រប់វិធានចាំបាច់ ដែលគ្រប់គ្រងវិស័យពាណិជ្ជកម្ម នៅក្នុងក្រមតែមួយ នឹងផ្តល់សារប្រយោជន៍ជាច្រើន ដោយក្នុងនោះ ជាពិសេសដើម្បីបង្កើតនូវ Level Playing Field គឺប្រព្រឹត្តិកម្មស្មើភាព និងយុត្តិធម៌ ចំពោះគ្រប់តួអង្គក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធុរកិច្ច ដែលជាចំណុចមិនអាចខ្វះបាន ក្នុងយន្តការសេដ្ឋកិច្ចទីផ្សារ ដែលនេះជាទិដ្ឋភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកវង្សី វិស្សុត បានបន្តថា ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រមពាណិជ្ជកម្មរបស់កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឱ្យបានស៊ីជម្រៅ លើគ្រប់ទិដ្ឋភាពទាំងអស់ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំនិងតាក់តែង៕







