ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីរបស់ធនាគារ Bank of America បានឱ្យដឹងថា ជនជាតិអាមេរិកកាន់តែច្រើនមានបំណងទិញផ្ទះជាជាងជួល ឬរស់នៅជាមួយក្រុមគ្រួសារ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។
និន្នាការនេះបង្ហាញថា ទំនុកចិត្តក្នុងការទិញផ្ទះកំពុងមានភាពប្រសើរឡើង ទោះបីជាអត្រាការប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ តម្លៃផ្ទះមានតម្លៃថ្លៃ និងការផ្គត់ផ្គង់លំនៅឋាននៅមានកម្រិតយ៉ាងណាក្តី។
អ្នកទិញវ័យក្មេង ជាពិសេស Gen Z និង millennials កំពុងជំរុញនិន្នាការនេះ ហើយហាក់ដូចជាមិនសូវមានឆន្ទៈក្នុងការរង់ចាំស្ថានភាពទីផ្សារឱ្យប្រសើរឡើង។
ក្នុងចំណោមមនុស្ស២.០០០ នាក់ដែលត្រូវបានស្ទង់មតិ ចំនួន៥៣ភាគរយបាននិយាយថា ពួកគេមានបំណងចង់ទិញផ្ទះ ខណៈដែលចំនួន៤៧ភាគរយចូលចិត្តជួល ឬរស់នៅជាមួយក្រុមគ្រួសារ។
ទោះជាយ៉ាងណា លទ្ធភាពទិញនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត ដោយតម្លៃផ្ទះខ្ពស់ និងថ្លៃដើមនៃការខ្ចីប្រាក់ខ្ពស់នៅតែជាឧបសគ្គចម្បង។ ធនាគារ Bank of America រំពឹងថា អត្រាការប្រាក់កម្ចីទិញផ្ទះនឹងស្ថិតក្នុងរង្វង់ចន្លោះពី៦,២៥ភាគរយទៅ៦,៧៥ភាគរយនៅឆ្នាំនេះ។
ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នកទិញ និងម្ចាស់ផ្ទះកាន់តែច្រើនកំពុងប្រើប្រាស់ឧបករណ៍ AI និង chatbot ដើម្បីជួយក្នុងដំណើរការទិញផ្ទះ ដូចជាការប៉ាន់ប្រមាណថ្លៃដើម ការស្រាវជ្រាវ និងការតាមដាននិន្នាការទីផ្សារលំនៅឋាន៕ប្រភព: Reuters៕







