ដោយៈ ចំណាន
ភ្នំពេញៈ លោកប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ទស្សនទានពាក់ព័ន្ធការការពារដីចំណីផ្លូវ ដល់យុវជនគណបក្សក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមលោកផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសរសេរលើបណ្តាញំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី២៥ មិថុនាថា ច្បាប់ស្ដីពី “ផ្លូវថ្នល់” ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណី ផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។
ទោសទណ្ឌការរំលោភចំណីផ្លូវសាធារណៈ បានចែងជាអាទិ៍៖មាត្រា៦៤បានចែងថា ជនណាដែលធ្វើកិច្ចការសាធារណការ ទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដី នៅសល់ នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០០,០០០ (ប្រាំសែន) រៀល។ មាត្រា៦៦ ចែងថា ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវ សម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អាគារ រោងចក្រសហគ្រាសឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន៥០,០០០ (ប្រាំម៉ឺន) រៀល។
ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។
ចំណែកមាត្រា៧០ ជនណាដែលរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១០០,០០០ (មួយសែន) រៀល។សកម្មភាពរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការ ជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១៩ (បទធ្វើឱ្យខូចខាត ផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៧១ ជនណាដែលសាងសង់ដោយខុសច្បាប់ នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។
ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ និងពិន័យជា ប្រាក់ពី១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល។
មាត្រា៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។
មាត្រា ៧៤ ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល៕







