ដោយៈ សហសេវិក
ភ្នំពេញៈ ក្រុមហ៊ុន KH HAITECH ដែលបង្កើតឡើងដោយកូនខ្មែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន កំពុងជំរុញការវិនិយោគក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកនៅកម្ពុជា ដោយគ្រោងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ “K Haitech” នៅរាជធានីភ្នំពេញ។
Haitech-Haier Global Business គឺជាបុត្រសម្ព័ន្ធមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយលើពិភពលោក ក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុនHaier មានវត្តមាននៅជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក និងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោឈានមុខគេក្នុងវិស័យនេះ។
KH HAITECH បានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនផលិតដោយផ្ទាល់ មិនមែនជាក្រុមហ៊ុននាំចូល ឬទិញ-លក់គ្រឿងអេឡិចត្រូនិកនោះទេ។ ក្រុមហ៊ុនមានគោលបំណង នាំយកបច្ចេកវិទ្យាផលិតកម្មទំនើប និងគោលការណ៍ឧស្សាហកម្ម៤.០ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មជាតិ។

យោងតាមព័ត៌មានដែលបានបង្ហាញដោយក្រុមហ៊ុន រោងចក្រផលិតថេប្លេតម៉ាក “K Haitech” នឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៥ ហិកតា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផលិតផលដែលនឹងផលិតនៅកម្ពុជានេះ ត្រូវបានរំពឹងថា នឹងផ្តល់ជាជម្រើសបច្ចេកវិទ្យាដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។
កាលពីដើមឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ KH HAITECH បានជួបពិភាក្សាការងារជាមួយលោកហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្ហាញពីផែនការវិនិយោគ និងការអភិវឌ្ឍផលិតកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។
ក្រសួងបានស្វាគមន៍គម្រោងនេះ និងបង្ហាញការគាំទ្រចំពោះការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក។

ជាមួយគ្នានេះ ក្រុមហ៊ុន KH HAITECH ក៏បានផ្តល់សិទ្ធិចែកចាយលក់រាយដល់ក្រុមហ៊ុននានា ក្នុងការត្រៀមដាក់លក់ផលិតផល “K Haitech” នៅលើទីផ្សារកម្ពុជានាពេលខាងមុខ។
ការវិនិយោគនេះ ស្របពេលដែលកម្ពុជា កំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ប្រសិនបើគម្រោងនេះដំណើរការតាមផែនការ វាអាចក្លាយជាជំហានសំខាន់មួយ ក្នុងការបង្កើតឧស្សាហកម្ម ផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក និងជួយលើកកម្ពស់វិស័យ បច្ចេកវិទ្យារបស់កម្ពុជានៅពេលអនាគត៕









