ដោយ: សហសេវិក
អន្តរជាតិ: ការដាំក្បាលចុះនៃទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីបានធ្វើឱ្យទំហំទីផ្សារលំនៅឋាននៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊នធ្លាក់ចុះប្រមាណ១២៨ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី២។
ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ការដាំក្បាលចុះនៃទីផ្សារលំនៅឋាននឹងជះផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់គ្រួសារ ដែលនឹងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
យោងតាមការគណនារបស់ស្ថាប័ន Bloomberg Economics ដោយប្រើទិន្នន័យរបស់ក្រុមហ៊ុន Cotality និង Australian Bureau of Statistics តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ២,៧ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន បានកើនឡើង២,៣ភាគរយចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែមិថុនា។
លោក James McIntyre សេដ្ឋវិទូនៃក្រុមហ៊ុន Bloomberg Economics បានលើកឡើងថា ការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់ដល់គ្រួសារអ្នកមានជាមុនសិន មុនពេលរីករាលដាលដល់ទីផ្សារជារួមនៅឆមាសទីពីរនៃឆ្នាំ ២០២៦។
ទីផ្សារលំនៅឋានអូស្ត្រាលីបានរីកចម្រើនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលគាំទ្រដោយអត្រាការប្រាក់ទាប និងលំហូរជនអន្តោប្រវេសន៍ ដែលបានជំរុញឱ្យតម្រូវការលំនៅឋានកើនឡើង ខណៈការផ្គត់ផ្គង់លំនៅឋាននៅតែមានកម្រិត។
ទោះជាយ៉ាងណា ការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សនៅឆ្នាំនេះ ការថយចុះនៃជនអន្តោប្រវេសន៍ សម្ពាធលើលទ្ធភាពទិញ និងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការលើកទឹកចិត្តពន្ធសម្រាប់ទីផ្សារលំនៅឋាន បានធ្វើឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ។
លោក McIntyre បានបន្ថែមថា ការធ្លាក់ចុះនៃតម្លៃផ្ទះអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទិញផ្ទះ ប៉ុន្តែ ការធ្លាក់ចុះនេះអាចនឹងបង្អាក់ការចំណាយផងដែរ ដោយសារគ្រួសារនានាប្រឈមមុខនឹងភាពមិនប្រាកដប្រជាពីជម្លោះនៅអ៊ីរ៉ង់ និងថ្លៃដើមកម្ចីខ្ពស់៕ប្រភព: Bloomberg៕





