ធនាគារពិភពលោក​គាំទ្រការរចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ក្នុង​ការតភ្ជាប់​បណ្តាញ​លូទឹកកខ្វក់​ឱ្យ​បាន​ត្រឹមត្រូវ

ចែករំលែក

ដោយៈ តេជៈ

    សៀមរាបៈ លោករស់ វណ្ណា ​រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំង និងដកស្រង់បទពិសោធ ស្តីពី “ការងាររៀបចំនិងគាំទ្រការអនុវត្ត កម្មវិធីលើកកម្ព​ស់អនាម័យ” គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

គំរោងនេះ ក្រោមឥណទានសម្បទាន របស់ធនាគារពិភពលោក នៅក្រុងសៀមរាប ខេត្តសៀមរាប។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក លី សារី អភិបា​លរងនៃគណៈអភិបាលខេត្ត លោក កូវ ភិរម្យ ប្រធានក្រុមការងារធនាគារពិភពលោកប្រចាំនៅកម្ពុជា​ ដៃគូរសហការ NIRAS លោកស្រី Dominique Monera-Tabora ប្រធានក្រុមការងារបច្ចេកទេសប្រឹក្សាបច្ចេកទេស ថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តគោលដៅ មានខេត្តសៀមរាប ខេត្តកណ្តាល ពោធិ៍​សាត់ និងខេត្តបាត់ដំបង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរបរិស្ថាន មន្ទីរផែនការ មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល ការិយាល័យសាធារណការ បរិស្ថាន និងអនាម័យក្រុង រួមទាំងសមាជិក សមាជិកាគម្រោ​ង អាជ្ញាធរភូមិ ឃុំ សង្កាត់ បងប្អូនពលរដ្ឋ​ផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី ឆ្លុះបញ្ចាំង បញ្ហាប្រឈម ដកស្រង់ទុកជាមេរៀនបទពិសោធន៍ ស្តីពី “ការងាររៀបចំ និងគាំទ្រការអនុវត្ត កម្មវិធីលើកកម្ពស់អនាម័យ” នៃគម្រោងលើក​​កម្ព​ស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលបានចែករំលែក បទបង្ហាញសង្ខេបពីកម្មវិធីរបស់គម្រោង វឌ្ឍនភាពអនុវត្តកិច្ចការងារ និងការផ្សព្វផ្សាយ ក្នុងការផ្លាស់ប្តូរឥរិយាបទពលរដ្ឋ ឱ្យមានការចូលរួមនៅតាមមូលដ្ឋាន ក្នុងសហគមន៍។

ឆ្លៀតក្នុងឱ្យកាសនោះផងដែរ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណដល់គ្រប់ដៃគូរសហការគម្រោង មានធនាគារពិភពលោក និងអង្គភាពពាក់ពន្ធជាច្រើនទៀត ដែលតែងចូលរួម សហការជាមួយក្រសួង និងអង្គភាពគម្រោង អនុវត្តកិច្ចការងារទទួលបានលទ្ធផលគួរជាទីមោទក។

ក្នុងនោះដែរ លោកបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពល​រដ្ឋ ក្នុងការចូលរួមតភ្ជាប់បណ្តាញលូទឹកកខ្វក់ បានត្រឹមត្រូវ ទាំងនោះគឺជាការចូលរួមចំណែក ថែរក្សាសុខមាលភាពគ្រួសារ សោភណ្ឌភាព និងផ្តល់បរិស្ថានល្អ ក្នុងមូលដ្ឋានរស់នៅ និងក្នុងសហគមន៍ផងដែរ៕


ចែករំលែក