ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានចូលរួមក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំ ក្រោមគម្រោងអភិវឌ្ឍសមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក សម្រាប់ធានា និងបង្កើនសុវត្ថិភាពការធ្វើនាវាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះធ្វើឡើងរវាងលោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអមលោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំមានលោកចាន់ តារា អនុរដ្ឋលេខាធិការនិងមន្រ្តីពាក់ព័ន្ធ ព្រមទាំងក្រុមអ្នកជំនាញការ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA។
គម្រោងខាងលើនេះស្ថិតក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ក្នុងគោលបំណងអភិវឌ្ឍន៍ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ សម្របសម្រួលសុវត្ថិភាពនាវាចរណ៍ និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ផ្លូវទឹកកម្ពុជា ជាពិសេសនៅតំបន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់ជុំវិញ។
គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០ បន្ទាប់ពីកម្ពុជាទទួលបាននាវាវាស់ស្ទង់ ជលធារសាស្រ្ត នៅចុងឆ្នាំ២០២៦នេះ៕







