មន្រ្តីលើកទឹកចិត្តឲ្យអ្នកធុរកិច្ចម៉ាឡេស៊ីចូលរួមពិព៌ណនៅកម្ពុជា

ចែករំលែក

ដោយៈ នរៈជ័យ

    ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រាក់​ ដាវីដ​ អញ្ជើញទទួលជួបជាមួយ​លោក​ Shaiful Naszri Abdul Wahid ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ។

​    លោកប្រាក់​ ដាវីដ​ បានអញ្ជើញទទួលជាមួយ​លោក​ Shaiful Naszri Abdul Wahid ទីប្រឹក្សាកសិកម្មនៃស្ថានទូតម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​លើវិស័យកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប​ លោករដ្ឋលេខាធិការ​ បានលើកឡើងពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម​កម្ពុជា-ម៉ាឡេស៊ី និងទទួលស្វាគ​មន៍នូវរាល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើការងារវារីវប្បកម្ម​ ការកែច្នៃ​វេចខ្ចប់​កសិផល ការលើកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ​ ជាមួយនឹងកសិផលសក្តានុពលកម្ពុជារួមមាន៖​ ស្រូវអង្ករ​ ស្វាយចន្ទី​ជាដើម​ ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងតម្លៃបន្ថែមខ្ពស់។

លោកប្រាក់ ដាវីត បានលើកទឹកចិត្តគណៈប្រតិភូ​ម៉ាឡេស៊ី​ ជំរុញវិស័យឯកជន​ និងវិនិយោគិនម៉ាឡេស៊ី ចូលរួមក្នុងកម្មវិធីពិព័រណ៍កសិ​កម្មកម្ពុជា​(CAFE26) នាពេលខាងមុខនេះ​ សំដៅស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា​ ការតភ្ជាប់ខ្សែច្រវាក់តម្លៃ​ គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ​ និងទទួលបានផលចំណេញទាំងអស់គ្នា៕


ចែករំលែក