ផ្លូវជាតិ ​និង​ផ្លូវ​ខេត្ត​ចំនួន​៦ ​ត្រូវ​បាន​ជួស​ជុល​ ​និង​ស្តារ​ឡើង​វិញ​

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងសាធារណការ បានចុះពិនិត្យការងារបច្ចេកទេសនៃការសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនតាមបណ្តាខេត្តចំនួន៦។

ព័ត៌មាននេះត្រូវបានបង្ហាញកាលពីថ្ងៃទី២ កក្កដា នៅក្នុងឱកាសលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអនុប្រធានមន្ទីរសាធារ​ណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ កោះកុង កំពត កែប តាកែវ និងខេត្តកណ្ដាល ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យការងារបច្ចេកទេស នៃការអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកំណាត់ផ្លូវសំខាន់ៗ រួមមាន ផ្លូវខេត្តលេខ១៤៤០ ផ្លូវជាតិលេខ៤៨-៥ ផ្លូវជាតិលេខ៣ ផ្លូវខេត្តលេខ១៣៤C ផ្លូវជាតិលេខ៣៣A ផ្លូវខេត្តលេខ១៣៣៣ ផ្លូវជាតិលេខ២ និងផ្លូវខេត្តលេខ១១០។

គោលបំណងនៃបេសកកម្មនេះដើម្បីពិនិត្យ វាយតម្លៃពីស្ថានភាពកំណាត់ផ្លូវ ការអនុវត្តការងារបច្ចេកទេសគម្រោង ពិនិត្យពីបញ្ហាប្រឈ​មការងារបច្ចេកទេសពាក់ព័ន្ធ នៅតាមការដ្ឋានដែលកំពុងអនុវត្តការងារសាងសង់ ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តខាងលើ។

នាឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក៏បានពិនិត្យទីតាំងពិសោធន៍ បឋមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង៦ខេត្តផងដែរ។

លោករដ្ឋលេខាធិការ បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រៀបចំទីតាំង និងក្រុមការងារពិសោធន៍បច្ចេកទេស របស់សាមីអង្គភាពនីមួយៗ ដើម្បីអនុវត្តការពិសោធន៍បឋម និងផ្ទៀងផ្ទាត់គុណភាពសម្ភារៈសំណង់ និងធ្វើការពិសោធន៍នៅការដ្ឋាន តាមស្រទាប់គ្រឹះ រួមទាំងប្រភេទការងារនីមួយៗ ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេ​កទេស មុននឹងធ្វើការពិសោធន៍ជាផ្លូវការ ដោយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដូចមានចែងក្នុងលក្ខខណ្ឌកិច្ចសន្យាគម្រោង។

លោកយិត ប៊ុណ្ណា ក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការគ្រប់គ្រងគុណភាពសំណង់ អនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឯកសារគម្រោង សំដៅពង្រឹងការត្រួតពិនិត្យគុណភាពសម្ភារៈ និងដំណើរការអនុវត្តការងារសាងសង់ និងបង្កើនការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក៕


ចែករំលែក