រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​ “យុទ្ធសាស្ត្រ​ការទូត​បរិស្ថាន​កម្ពុជា​ ឆ្នាំ២០២៦–២០៣០”

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០”។

ពិធីប្រកាសនេះធ្វើឡើង ក្រោមអធិនបធិបតីភាពលោកបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ក្របខ័ណ្ឌគោលនយោ​បាយជាតិដ៏មានសារៈសំខាន់ថ្មីនេះ បានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងងបណ្តាក្រសួង និងស្ថាប័ននានា តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា “ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ”។ លោកបន្តថា “ពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាព កាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់”។

លោកបន្ថែមថា ការទូតបរិស្ថានដើរតួជាស្ពានចម្លង ដ៏សំខាន់ដែលតភ្ជាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។

យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) នេះ បានកំណត់នូវសសរស្តម្ភ យុទ្ធសាស្ត្រចំនួនបី រួមមាន៖ ទី១-ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច៖ ការងារនេះផ្តោតលើការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ(climate-smart agriculture) និងការទាក់ទាញការវិនិយោគបៃតង។

ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។

ទី២- ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារ ជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍៖ សសរស្តម្ភនេះ មានគោលបំណងការពារប្រព័ន្ធ អេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។

ទី៣-ការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក៖ សសរស្តម្ភនេះដោះស្រាយការគ្រប់គ្រងការបំពុល ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។

ការងារនេះ ក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់​គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ យុទ្ធសាស្ត្រ នេះមានគោលបំណងកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូលនិងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល៕


ចែករំលែក