ទីផ្សារខុនដូ​នៅ​សង្កាត់​ Manhattan​ របស់​ទីក្រុងញូវយ៉ក​បន្ត​រក្សាសន្ទុះរឹងមាំ​ ទោះជា​មាន​ការ​ដាក់​ពន្ធ​ថ្មី​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អស់រយៈពេលមួយខែ បន្ទាប់ពីទីក្រុងញូវយ៉កបានអនុម័តពន្ធលើផ្ទះទីពីរ ទីផ្សារលំនៅឋាននៅតែមានភាពរឹងមាំ ដោយការលក់មានស្ថិរភាព និងចំនួនស្តុកអចលនទ្រព្យបានធ្លាក់ចុះ។

នៅពេលពន្ធនេះត្រូវបានអនុម័តនៅថ្ងៃទី២៧ ខែឧសភា ក្រុមអ្នកជំនាញជាច្រើននៅក្នុងឧស្សាហកម្មអចលនទ្រព្យបានព្រមានថា ចំណាត់ការខាងលើនឹងបង្ខំឱ្យអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភងាកទៅកាន់រដ្ឋ Florida។

ជាមួយគ្នានេះ ពួកគេរំពឹងថា ការដាក់ពន្ធនឹងធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ព្រមទាំងធ្វើឱ្យការអភិវឌ្ឍគម្រោងអចលនទ្រព្យថ្មីៗមានភាពយឺតយ៉ាវ និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ទីក្រុងញូវយ៉ក។

ផ្ទុយទៅវិញ ទីផ្សារបានបង្ហាញសញ្ញារឹងមាំ។ តួយ៉ាង កិច្ចសន្យាទិញអាផាតមុិនប្រណីតចំនួន ១២៦ (ដែលមានតម្លៃ ៤ លានដុល្លារ ឬច្រើនជាងនេះ) ត្រូវបានចុះហត្ថលេខាក្នុងខែមិថុនា កើនឡើងបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃអាផាតមិនជាមធ្យមនៅសង្កាត់ Manhattan បានកើនឡើង៥ភាគរយធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ប្រហែល២,២លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតទីពីរមិនធ្លាប់មាន។

ការលក់ខុនដូដែលមានតម្លៃចន្លោះពី ១០ លានដុល្លារ ទៅ ២០ លានដុល្លារអាមេរិកបានហក់ឡើង៥៥ភាគរយ ខណៈដែលការលក់អាផាតមុិនដែលមានតម្លៃលើសពី ២០ លានដុល្លារអាមេរិកបានកើនឡើង ៣៣ភាគរយ។

ក្រុមឈ្មួញជើងសាលើកឡើងថា ដំបូងឡើយ អ្នកទិញមានការព្រួយបារម្ភអំពីពន្ធថ្មី ប៉ុន្តែភាពរឹងមាំនៃទីផ្សារភាគហ៊ុន លំហូរសាច់ប្រាក់ពីការចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នាពេលថ្មីៗនេះ និងការកើនឡើងនៃទ្រព្យសម្បត្តិបានលើកទឹកចិត្តពួកគេឱ្យបន្តទិញអាផាតមុិន។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអះអាងថា វាលឿនពេកក្នុងការវាយតម្លៃពីផលប៉ះពាល់រយៈពេលវែងរបស់គោលនយោបាយពន្ធនេះ។ ជម្លោះផ្លូវច្បាប់លើតម្លៃអចលនទ្រព្យ និងច្បាប់ពន្ធត្រូវបានគេរំពឹងទុកថា នឹងអាចកើតឡើង ហើយការប៉ាន់ប្រមាណចំណូលពន្ធប្រចាំឆ្នាំមានចាប់ពី ៣៤០ លានដុល្លារ ដល់ ៥០០ លានដុល្លារ។

ពន្ធនេះអនុវត្តចំពោះការទិញផ្ទះទីពីរ ដែលរស់នៅម្តងម្កាល ឬទិញដើម្បីគ្រាន់វិនិយោគ (non-primary homes) ដែលមានតម្លៃលើសពី១លានដុល្លារ ហើយបានចូលជាធរមានជាផ្លូវការកាលពីសប្តាហ៍មុន។

យោងតាមក្រុមឈ្មួញជើងសា អ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកសម្តភច្រើនផ្តោតការយកចិត្តទុកដាក់លើការទិញនៅពេលវេលាត្រឹមត្រូវជាជាងការគេចវេសការបង់ពន្ធបន្ថែម។ ការមើលឃើញតម្លៃអាផាតមុិននៅតែមានភាពរឹងមាំ និងការលក់ចេញបានយ៉ាងឆាប់រហ័ស បានជំរុញទំនុកចិត្តរបស់ពួកគេ៕ប្រភព: CNBC៕


ចែករំលែក