ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។
អមដំណើរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំនេះរួមមានវត្តមាន៖ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. មួយចំនួនផងដែរ។
កិច្ចប្រជុំកាលពីនាព្រឹកថ្ងៃទី៦ កក្កដា មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអគ្គនាយករង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងការគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (PPSHV Expressway) តំណាងក្រុមហ៊ុន Royal Railway PLC, សមាជិក សមាជិកានៃEuroCham និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
អង្គប្រជុំបានដំណើរការទៅរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការពិភាក្សាផ្លាស់ប្តូរយោបល់ យ៉ាងផុលផុសជុំវិញសូចនាករនានាដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។
ជាមួយគ្នានោះ តំណាងក្រុមហ៊ុន ដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានស្រាប់របស់ខ្លួន។
ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។
ជាមួយគ្នានេះ លោកក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។

ក្នុងកិច្ចប្រជុំនេះដែរ តំណាង ក.ស.ស. បានធ្វើបទបង្ហាញអំពី PASNet ដែលជាកម្មវិធីទូរស័ព្ទដៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ព័ត៌មាន និងសម្រួលដល់ប្រតិបត្តិការសម្រាប់អតិថិជន ម្ចាស់ទំនិញ អ្នកលក់ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលគ្របដណ្តប់លើការលើកដាក់កុងតឺន័រនៅ ក.ស.ស។
ក្នុងឆ្នាំ២០២៦នេះPASNet បានធ្វើសមាហរណកម្ម ភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធអាស៊ីគូដា (ASYCUDA – Automated System for Customs Data) ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យគយស្វ័យប្រវត្តិ នៃអង្គការសហប្រជាជាតិ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំសមាសភាពចូលរួមទាំងអស់ ធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ (Site Visit) នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាល ក.ស.ស.។
ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ៕








