ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ ដើម្បីជំរុញកំណើនពាណិជ្ជកម្មពីអន្តរជាតិ និងទាក់ទាញការវិនិយោគពីបរទេស។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី១១។ កិច្ចប្រជុំកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពី លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) ព្រមទាំងវត្តមានចូលរួមពីសំណាក់ពីមន្រ្តីពាក់ព័ន្ធនិងតំណាងវិស័យឯកជនជាច្រើន ។
កិច្ចប្រជុំលើកទី១១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ ចំនួន៣ រួមមាន ទី១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០) ទី២. ការរៀបចំប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង
៣. សេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម”។
ទន្ទឹមនឹងការពិនិត្យវឌ្ឍនភាពការងារខាងលើនេះ អង្គប្រជុំក៏បានពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅតម្រង់ទិស និងធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មជាតិ និងការដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងមានសមាហរណកម្មខ្លាំងក្លាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។
ក្នុងបរិបទនៃកិច្ចពិភាក្សា អង្គប្រជុំទទួលបានការចូលរួមផ្តល់មតិយោបល់ និងការផ្លាស់ប្តូរទស្សនៈយ៉ាងផុលផុសពីសំណាក់ សមាជិក សមាជិកា ដែលឆ្លុះបញ្ចាំងពីធាតុចូលយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការបន្តទិសដៅការងារទៅមុខប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ សំដៅរួមគ្នាជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មជាតិឱ្យមានវឌ្ឍនភាព និងប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គប្រជុំអំពីលទ្ធផល ប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចប្រជុំនាឱកាសនោះ បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញសូចនាករនានាពាក់ព័ន្ធ នឹងការដឹកជញ្ជូននាំចេញ-នាំចូល ដែល EuroCham បានប្រមូល រៀបចំ វិភាគសិក្សា និងធ្វើការប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ សំដៅស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា។
ក្នុងនាមជាប្រធាន ក.ជ.ភ. លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នសមាជិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រយន្តការការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងការបើកចំហលំហសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់វិស័យភស្តុភារកម្មជាតិ។
លោកបញ្ជាក់ជាថ្មីម្តងទៀតថា “វិស័យភស្តុភារកម្មជាតិ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ហេតុនេះការបង្កើនសមត្ថភាព និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យមួយនេះ គឺជាគន្លឹះយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន ក្នុងការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីបរទេស សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនឧត្តមភាពប្រកួតប្រជែងជាតិ នៅលើឆាកអន្តរជាតិ និងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកសាងគ្រឹះសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ និងមានភាពធន់”៕







