ដំណឹងល្អៈ ​គម្រោង​ស្ពានឆ្លងកាត់​ទន្លេបាសាក់​ព្រែកប្រា​ ចក្រអង្រែក្រោម​សម្រេច​បាន​វឌ្ឍនភាព​ជិត​៨០​ភាគ​រយ​ហើយ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីបានលើកឡើងា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ នេះ។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី៩ កក្កដា ក្នុងឱកាសសួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន៧៩% ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វឌ្ឍនភាពគម្រោងរួមមាន ១).ផ្នែកគ្រឹះស្ពាន សម្រេច១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០% ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤).រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% និង៥).បណ្តាញផ្លូវសម្រេចបាន ៥១% (ផ្លូវតភ្ជាប់ ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន៥០%)។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបាន និងកំពុងដំណើរការដោយគោរព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ បន្ថែមទៀតដោយសាររដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងបានណែនាំឱ្យពិនិត្យបន្ថែមផ្ទៃលើនៃកម្រាលផ្លូវបេតុងទាំងអស់ ដើម្បីបង្កើនភាពកកិត ដើម្បីជៀសវាងការរអិល ឬគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ និងសិក្សាបន្ថែមអំពីប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ រួមទាំងសិក្សារៀបចំសួនលើរង្វង់មូលសងខាង និងលើស្ពាន ដើម្បីបង្កើនសោភណ័ភាពឱ្យកាន់តែស្រស់ស្អាតថែមទៀត។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពា​ន​ទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕


ចែករំលែក