ក្រសួងបើកកិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​សមាហរណកម្ម​ និង​ការ​បន្ស៊ីប​ទដ្ឋាន​ឌីហ្សាញ​នានា​ទាក់​ទង​បច្ចេកទេស​សំណង់

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលសម្រាប់ពិនិត្យលទ្ធភាព នៃការធ្វើសមាហរណកម្ម និងការបន្ស៊ីបទដ្ឋានឌីហ្សាញនានា ជាមួយបទដ្ឋានរបស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។

លោកបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយតំណាងក្រុមប្រឹក្សាជាតិ បទប្បញ្ញត្តិបច្ចេកទេសសំណ​ង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកបណ្ឌិត ម៉ុម មុនី អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងតំណាងវិទ្យាស្ថានជាតិស្តង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយ លោកស្រី ជិន កេសរ ប្រធាននាយកដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់លើបទប្បញ្ញត្តិបច្ចេកទេស និងគោលការណ៍ណែនាំពាក់ព័ន្ធ នឹងការឌីហ្សា​ញការសាងសង់ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងរៀបចំ ព្រមទាំងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីឱ្យក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេក​ទេសសំណង់ និងវិទ្យាស្ថានជាតិស្តង់ដារទទួលបាននូវធាតុចូល និងមូលដ្ឋានទិន្នន័យបច្ចេកទេស ដែលមានភាពច្បាស់លាស់ ដល់ការសិក្សាស្រាវជ្រាវ ការរៀបចំ និងការកែលម្អបទដ្ឋានបច្ចេកទេសសំណង់ ឱ្យមានភាពស៊ីសង្វាក់គ្នា និងអាចប្រើប្រាស់ជាបទដ្ឋានបច្ចេកទេសរួមតែមួយសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រៀបធៀបបទដ្ឋានឌីហ្សាញអន្តរជាតិ ព្រមទាំងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសដែលមានការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ ដូចជា AASHTO, Eurocodes និងបទដ្ឋានបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី ជប៉ុន និងចិន ជាដើម សម្រាប់ការបន្ស៊ីការកែសម្រួល និងការធ្វើបច្ចុប្បន្នភាពបទដ្ឋានសំណង់ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទជាក់ស្តែង លក្ខខណ្ឌភូមិសាស្ត្រ និងធនធានរបស់ប្រទេសកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា និងបច្ចេកទេសសំណង់នាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំថា បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានលក្ខណៈពិសេសដែលត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស របស់ប្រទេសជិតខាង និងស្របតាមក្របខណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រផ្នែកបច្ចេក​ទេ​សពីអ្នកជំនាញនៃកម្មវិធី Partnerships for Infrastructure (P4I) និង Austroads ប្រទេសអូស្ត្រាលី ក្រសួងបាន និងកំពុងធ្វើបច្ចុប្បន្នភាពបទដ្ឋាន បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្របតាមស្តង់ដារអន្តរជាតិ និងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ភាគី កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធផលជាផ្លែផ្កា និងសម្រេចបាននូវការឯកភាពលើទិសដៅការងារសំខាន់ៗ។

ភាគីពាក់ព័ន្ធបានប្តេជ្ញា បន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការសិក្សាស្រាវជ្រាវ រៀបចំ កែសម្រួល និងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិបច្ចេកទេស និងគោលការណ៍ណែនាំនានា ដើម្បីធានាថា សំណង់ហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវសាងសង់ ឬស្តារឡើងវិញនៅកម្ពុជា នាពេលអនាគត មានសុវត្ថិភាព គុណភាព រឹងមាំ ទំនើប និងប្រកប​ដោយចីរភាព ស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការអភិវឌ្ឍរបស់ប្រទេស។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងវិស័យសំណង់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕


ចែករំលែក