ដោយៈ ចំណាន
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Bangsheng Space-Time (Guangxi) Technology Co., Ltd. ដឹកនាំដោយលោក Peng Wenbin ប្រធានក្រុមហ៊ុន ចូមជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាព នៃការវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា។
នៅក្នុងជំនួបនារសៀលនេះ លោកប្រធានក្រុមហ៊ុន បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់ឱកាសឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ទាល់នាពេលនេះ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គជំនួបទាំងមូលអំពីប្រវត្តិ និងសាវតាក្រុមហ៊ុន ជំនាញឯកទេស បទពិសោធន៍ សមិទ្ធផលការងារធំៗ និងទិសដៅវិនិយោគនៅកម្ពុជា លើវិស័យឯកទេសរបស់ខ្លួន។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានសម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគោលគំនិត និងអនុសាសន៍ចង្អុលបង្ហាញមួយចំនួន ដើម្បីក្រុមហ៊ុនអាចយកជាមូលដ្ឋានក្នុងការបន្តជំហានបន្ទាប់របស់ខ្លួន ក្នុងការវិនិយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕







