កូរ៉េ​អនុវត្តន៍​ “គម្រោង​សាក​ល្បង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឆ្លាត​វៃ​ផ្អែក​លើ​ទិន្នន័យ​ចម្រុះ​នៅ​កម្ពុជា​”

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីនិងភាគីកូរ៉េបានធ្វើពិធីប្រគល់-ទទួល “គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (BIG DATA) នៅកម្ពុជា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកនឹម សុធា អនុរដ្ឋលេខាធិការ តំណាងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះក៏មានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងក្រុមហ៊ុន សមាគម ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធប្រមាណជា៥០រូបផងដែរ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរក្នុងកម្រិ​ត​​បច្ចេកទេស ក្នុងការប្រគល់ទទួលសម្ភារៈ និងដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ផ្អែកលើទិន្នន័យចម្រុះ (BIG DATA)នៅកម្ពុជា។

ថ្លែងចំណាប់អារម្មណ៍ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់សាធារណរដ្ឋកូរ៉េ ដែលជានិច្ចជាកាលតែងតែផ្ដល់ជាជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រទេសកម្ពុជា។

បន្ថែមពីនេះ គម្រោងITS បានបង្កើតមជ្ឈមណ្ឌលទិន្នន័យ សម្រា​ប់ប្រតិបត្តិការ និងបានអនុវត្តសាកល្បង បំពាក់ឧបករណ៍តាមដានចរាចរណ៍១៩ទីតាំង ប្រកបដោយជោគជ័យ នៅតាមខ្សែផ្លូវមេសំខាន់ៗមួយចំនួន ក្នុងតំបន់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចរាចរណ៍ បង្កើនចល័តភាព និងសុវត្ថិភាពក្នុងទីក្រុង ព្រមទាំងបង្កើតប្រព័ន្ធផ្តល់ព័ត៌មានចរាចរណ៍ឆ្លាតវៃ ដែលអាចផ្តល់ទិន្នន័យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនអ្នកប្រើប្រាស់ផ្លូវ និងដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕​


ចែករំលែក