ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំណាងក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC លោកហង់ ចិត្រាបានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រុមហ៊ុននេះបាននិងកំពុងចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីពិព៌ណអាហារខ្មែរ ក្រោមយុទ្ធនាការអាហារខ្មែរ ត្រូវតែខ្លាំងកាលពីចុងសប្តាហ៍មុន។
លោកបន្តថា សម្រាប់យុទ្ធនាការនេះ ក្រុមហ៊ុនOCIC មិនត្រឹមតែចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស ដើម្បីថ្លែងមតិ ស្វាគមន៍តែប៉ុណ្ណោះទេ ប៉ុន្តែOCIC គឺជាដៃគូសហការរៀបចំបង្កើត ព្រឹត្តិការណ៍ដ៏ធំនេះឡើង ដោយក្តីមោទនភាពជាទីបំផុត។
លោកហង់ ចិត្រាបានបន្តថា សម្រាប់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងOCIC យើងមានមោទនភាព ក្នុងការបន្តបេសកកម្មជាង២៥ឆ្នាំកន្លងមក ក្នុងការគាំទ្រ និងរួមចំណែកលើកកម្ពស់សមត្ថភាពរបស់ប្រជាជនខ្មែរ និងការអភិវឌ្ឍប្រទេសជាតិ។ យើងបានចាប់ផ្តើមពីការសាងសង់ផ្សារទំនើបដំបូងគេរបស់កម្ពុជា គឺផ្សារទំនើប សូរិយា និងផ្សារទំនើបជាបន្តបន្ទាប់ដូចជា រតនា ផ្លាហ្សា និង ផ្សារទំនើប អូឡាំព្យា។
លោកបន្តថា ចាប់តាំងពីពេលនោះមក យើងបានចូលរួមសាងសង់លំនៅឋានជាច្រើនខ្នង សម្រាប់គ្រួសារខ្មែរ និងអភិវឌ្ឍគម្រោងធំៗសំខាន់ៗ ដូចជា កោះពេជ្រ អូឡាំព្យាស៊ីធី ជ្រោយចង្វារ បេយ៍ ទីក្រុងនរា និងគម្រោងដែរទើបបើកដំណើរការថ្មីៗនេះគឺ ធី អាយ អេ ស៊ីធី ដែលបានក្លាយជាផ្នែកដ៏សំខាន់មួយ នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍទីក្រុងភ្នំពេញ។
លោកហង់ ចិត្រាបានបន្តទៀតថា យើងបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្លូវថ្នល់ ស្ពាន និងស្ពានអាកាស ដែលបច្ចុប្បន្នបានរួមចំណែកតភ្ជាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ នៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ការវិនិយោគរបស់យើងពង្រីកដល់ការនាំចេញកសិកម្ម សំណង់ និងវិស្វកម្ម បដិសណ្ឋារកិច្ច ការអប់រំ ការថែទាំសុខភាព និងគម្រោងអភិវឌ្ឍន៍ជាតិសំខាន់ៗ ក្នុងនោះមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ។
ទោះបីជាយើងបានខិតខំប្រឹងប្រែង ក្នុងវិស័យជាច្រើនកន្លងមកក៏ដោយ យើងតែងតែស្វែងរកមធ្យោបាយ ដើម្បីពង្រីកសេវាកម្ម និងបង្កើនការចូលរួមជាមួយសហគមន៍ ដោយបន្តគាំទ្រគំនិតផ្តួចផ្តើមនានា ដូចនេះ ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ឆ្នាំ2026 នេះជាដើម ដែលរួមចំណែកពង្រឹងការអភិវឌ្ឍ និងវប្បធម៌របស់ប្រទេសជាតិ។
លោកបន្តថា យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” នឹងមិនអាចជោគជ័យ ទៅបានឡើយ បើគ្មាន វត្តមានរបស់ បងប្អូនអាជីវករ និងចុងភៅឆ្នើមទាំងអស់គ្នានោះទេ។
ដើម្បីប្រែក្លាយយុទ្ធនាការនេះ ឱ្យទៅជា សកម្មភាពជាក់ស្តែង និងគាំទ្រដល់អាជីវកម្ម របស់បងប្អូន ពិតៗ ដោយក្រុមហ៊ុនOCICមានទីតាំងជាច្រើន នៅតាមគម្រោងអភិវឌ្ឍន៍នានារបស់យើង ដែលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកចំហទទួលស្វាគមន៍បងប្អូនអាជីវករ និងចុងភៅទាំងអស់ ក្នុងការសហការ មកបង្ហាញស្នាដៃ ផ្សព្វផ្សាយនិងដាក់លក់ផលិតផល និងម្ហូបអាហាររបស់ខ្លួន៕







