សហរដ្ឋអាមេរិក​តែងតាំង​ភារធារីថ្មី​ប្រចាំស្ថានទូត​នៅ​កម្ពុជា​ ស្រប​ពេល​មន្រ្តី​ជាន់ខ្ពស់​លើកឡើង​ពី​សារ​សំខាន់​នៃ​ការ​តភ្ជាប់​ផ្លូវអាកាស

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រី ទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដែលលោកស្រីទទួលបានទំនុកចិត្តពីរដ្ឋបាលអាម៉េរិក ក្នុងការបំពេញបេសកកម្មការទូតក្នុងអាណត្តិនេះ។ លោកបានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានរំលេចជាពិសេសលើ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade – ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាសធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរ តាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ (Air Transport Agreement / Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។

លោកបញ្ជាក់ថា “វាជាកិច្ចព្រមព្រៀងបើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ”។

ឆ្លើយយតបទៅនឹង បដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់លោកឧនាយករដ្ឋមន្ត្រី លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារជា ប្រធានផ្នែកនយោបាយសេដ្ឋកិច្ច (Political-Economic Chief) នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។

ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទា​ល់ខ្លួនលើការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រី បានបំពេញការងារកាលពីអាណត្តិមុន។

បន្ថែមពីនោះ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះរូបលោក ឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពរស់រវើក ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ក្នុងជំនួបនារសៀលនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនផងដែរ ដូចជា (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី (២) ការលើកកម្ពស់លំហូរទុនវិនិយោគ ពីអាម៉េរិកមកកម្ពុជា (៣) បច្ចុប្បន្នភាពនៃការអនុវត្ត គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

(៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគី ជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕


ចែករំលែក