ដោយ: សហសេវិក
អន្តរជាតិ: យោងតាមស្ថាប័ន Bloomberg Intelligence (BI) តម្លៃផ្ទះនៅទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងងើបឡើងវិញច្រើនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍នៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការរបស់ពលរដ្ឋចិនដីគោក និងការផ្គត់ផ្គង់នៅមានកម្រិត។
តម្លៃផ្ទះប្រភេទទី២នៅក្នុងទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងកើនឡើងសរុបចំនួន១៩ភាគរយពីឆ្នាំ២០២៦ដល់ឆ្នាំ២០២៧។នេះបើយោងតាមការប៉ាន់ប្រមាណរបស់ស្ថាប័ន Bloomberg Intelligence។
ក្រុមអ្នកវិភាគនៅស្ថាប័នខាងលើដែលដឹកនាំដោយលោក Patrick Wong បានអះអាងថា តម្រូវការលំនៅឋានពីពលរដ្ឋចិនដីគោក ចំនួនសំណង់ថ្មីធ្លាក់ចុះ និងទីផ្សារជួលដ៏រឹងមាំជាកត្តាគាំទ្រដល់កំណើននៃតម្លៃលំនៅឋាន។
ពលរដ្ឋចិនដីគោកនៅតែជាកាតាលីករដ៏សំខាន់សម្រាប់ទីផ្សារលំនៅឋាន ដោយបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយកលំនៅឋាននៅទីក្រុងហុងកុងក្នុងត្រីមាសទីមួយ។

យោងតាមស្ថាប័ន Bloomberg Intelligence ការហក់ឡើងថ្លៃនៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារហុងកុង និងការងើបឡើងវិញនៃទីផ្សារលំនៅឋានរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានធ្វើឱ្យការវិនិយោគនៅក្នុងទីក្រុងហុងកុងកាន់តែមានភាពទាក់ទាញ។
ក្រុមអ្នកវិភាគបានលើកឡើងថា កំណើនតម្លៃផ្ទះនឹងជំរុញការលក់ផ្ទះថ្មីសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ឈានមុខគេ រួមមាន ក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន CK Asset Henderson Land Development និងក្រុមហ៊ុន New World Development។
ការថយចុះនៃការផ្គត់ផ្គង់លំនៅឋានថ្មីនៅក្នុងទីក្រុងហុងកុងក៏ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការកើនឡើងនៃតម្លៃផ្ទះផងដែរ ខណៈការបញ្ចប់ការសាងសង់ផ្ទះថ្មីនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១២ឆ្នាំនៅឆ្នាំ២០២៧៕







