រោងចក្រផលិតសំបកកង់រថយន្ត​នៅ​កម្ពុជា​រក​ចំណូល​បាន​ជាង​១០០០​លាន​ដុល្លារ​នៅ​ឆមាស​ទី១​ឆ្នាំនេះ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ទិន្ន័យបានបង្ហាញថា ដោយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​អាច​រក​ប្រាប់​បាន​រហូត ​​ដល់​ជាង១ពាន់​លាន​ដុល្លារ ​ពី​ការ​នាំ​ចេញ​ទៅ​លក់​នៅ​​​ទី​ផ្សារ​អន្តរជាតិ​ ដោយ​កើន​ឡើង​ជាងពាក់កណ្តាល ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៥។

យោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ចន្លោះ​ពី​ខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៦ ទឹក​ប្រាក់​ដែល​​កម្ពុជា ​ទទួល​បាន​ពី​ការ​នាំចេញ​សំបកកង់រថយន្ដ មាន​សរុប​ ៤ ១២២ ពាន់​លានរៀល(ប្រមាណ ១,០២ ពាន់​លានដុល្លារ) កើនឡើង ៥៥%​ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ដែលមាន ២ ៦៥៤ ពាន់​លានរៀល (៦៥៧,៩ លានដុល្លារ)។

នាយកប្រតិបត្តិក្រុមហ៊ុនPICG ដែលជា​ក្រុមហ៊ុន​ទទួលសិទ្ធិផ្ដាច់មុខចែកចាយសំបកកង់រថយន្ត ម៉ាកSailun នៅកម្ពុជា លោក គឹន ឧត្តម មុនីស៊ីណាត បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ថា កម្ពុជា​បាន​ក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​ ផលិតកម្ម​​សំបក​កង់​រថយន្ត​​ដ៏​ធំ​មួយ​លើ​ពិភពលោក ដោយ​បច្ចុប្បន្ន​នេះ​ មានរោង​ចក្រ​​យ៉ាង​តិចចំនួន​ ៨កំពុង​ដំណើរ​ការ​។

លោកបញ្ជាក់ថា “ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់​​រថយន្ត ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​រយៈ​ពេល ៣-៤ ឆ្នាំ​ចុង​ក្រោយ​នេះ​”។

លោកបន្ត​ថា កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ឧស្សាហកម្ម​ផលិត និង​​នាំចេញ​សំបក​កង់​រថយន្តផលិត​នៅ​​​កម្ពុជា គឺ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូចជា គោលនយោ​បាយ​លើកទឹកចិត្តផ្នែកពន្ធ របស់រាជរដ្ឋាភិបាលមាន​ភាព​ល្អ​ប្រសើរ កម្ពុជាមាន​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​ច្រើន និង​គុណភាព​ល្អ សម្បូរ​ពលកម្ម​ជំនាញ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ​សម្រាប់​នាំ​ចេញ​ល្អ​ផងដែរ​។ បច្ចុប្បន្ន​សមត្ថភាព​ផលិត​ សំបកកង់​រថយន្ត​នៅ​កម្ពុជា​បាន​វ៉ាដាច់​ប្រទេស​ជិតខាង​មួយ​ចំនួន​ផងដែរ​។

លោក​ថ្លែង​ថា​ “បើ​និយាយ​ពី​គុណភាព​ជ័រកៅស៊ូក្នុង​តំបន់ គឺ​ជ័រកៅស៊ូ​កម្ពុជាជាប់​លេខ​១ ហេតុ​នេះ​ការបញ្ជាទិញ​ផលិត​ផល​សំបក​កង់​រថយន្ត​ពី​កម្ពុជា រួម​ទាំង​ផលិតផល​របស់ក្រុមហ៊ុន ​Sailun នឹង​មាន​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ”។​

ទាក់​ទង​នឹង​​ផលិតកម្ម​របស់​រោងចក្រ ​ផលិត​​សំបកកង់​រថយន្ត​ម៉ាកSailun លោក ឧត្តមមុនី ស៊ីណាត បានពន្យល់​ថា ការ​ផលិតនា​ពេល​នេះ គឺ​ពេល​ខ្លះ​មិន​អាច​ឆ្លើយ​តប​ទាន់ ​នឹង​ការ​បញ្ជា​ទិញ​ឡើយ ជា​ពិសេស​ទីផ្សារ​ក្នុង​ស្រុក។​ ផលិតផលសំបកកង់រថយន្តរបស់រោងចក្រ Sailun នៅកម្ពុជា ​ត្រូវ​បាន​នាំចេញទៅកាន់ទីផ្សារសំខាន់ៗ ​ដូចជា បណ្តាប្រទេសតំបន់ សហភាពអឺរ៉ុប និងអាមេរិក។

ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២៥ កម្ពុជាបាននាំចេញសំបកកង់រថយន្ត ក្នុងបរិមាណសរុបជាង៣០លានគ្រាប់ ដោយទទួលប្រាក់ចំណូលប្រមាណ១,៣៨ពាន់លានដុល្លារ កើនឡើង ៥៧,៨៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕


ចែករំលែក