ដោយៈ ចំណាន
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។
លោកអគ្គនាយកបញ្ជាក់ថា “ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុន ផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា”។លោកបន្ថែមថា “ក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា”។
ជាមួយគ្នានេះ ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូខាងមុខ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។

រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគ ប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចធិបតីបានលើកឡើង អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្ត តាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុកស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗ ក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕








