មន្រ្តី​ក្រសួងនិង​អ្នកជំនាញ​ជប៉ុន ​ពិភាក្សា​លើអាទិភាព​របស់​ក្រសួង​ ទាក់ទង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ​ផ្លូវដែក ​កំពង់ផែ

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីសាធារណការ និងអ្នកជំនាញជប៉ុនបានជួប ពិភាក្សាការងារលើវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាមួយប្រតិភូទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA-HQ)។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាមួ​យប្រតិភូទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA-HQ) ដឹកនាំដោយលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ប្រចាំកម្ពុជា រួមជាមួយគណៈប្រតិភូមកពី JICA-HQ។

កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផង។

ជំនួបពិភាក្សានេះមានគោលបំណង ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការកំណត់នូវការងារ អាទិភាពរបស់ក្រសួង ដោយផ្តោត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូនក្នុងទីក្រុង និងភស្តុភារកម្ម។

តាមរយៈជំនួបពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់JICA ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយបានស្នើឱ្យJICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពិចារណា ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀតពាក់ព័ន្ធ ទៅនឹងការអភិវឌ្ឍផ្លូវដែកនិងសុវត្ថិភាពផ្លូវដែក ការរៀបចំផែនការមេការដឹកជញ្ជូនក្នុងទីក្រុង (Urban Transport and Mass-Transit Master Plan) គោលនយោបាយកំពង់ផែ (Port Policy)ភស្តុភារកម្ម សុវត្ថិភាពចរាចរណ៍ ការធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងសមត្ថភាពបន្ថែម ដល់មន្តី្របច្ចេកទេសតាមរយៈវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងការផ្ដល់អាហារូបករណ៍ ដល់និស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនជាដើម៕


ចែករំលែក