ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់កំណាត់ផ្លូវបំពេញបន្ថែម តភ្ជាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ត្រើយខាងកើតភ្ជាប់ទៅផ្លូវជាតិលេខ១។
កិច្ចប្រជុំនេះដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់កំណាត់ផ្លូវបំពេញបន្ថែម តភ្ជាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម -ព្រែកប្រា)ត្រើយខាងកើតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាគ្នាលើការស្វែងរកដំណោដោះស្រាយផលប៉ះពាល់ លើគម្រោងសាងសង់កំណាត់ផ្លូវបំពេញបន្ថែម តភ្ជាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)ត្រើយខាងកើតភ្ជាប់ទៅផ្លូវជាតិលេខ១ ធ្វើយ៉ាងណាបញ្ចៀសផលប៉ះពាល់ជាអតិបរមា និងទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ។
នាឱកាសនោះ លោកសួង ហេង បានលើកឡើង ដោយយោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ក្នុងការជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សិក្សាដើម្បីស្វែងរកតម្រាយផ្លូវ តភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីបង្កើនប្រសិទ្ធភាព នៃការតភ្ជាប់រំហូរចរាចរណ៍ និងប្រទាក់ក្រឡាគ្នារវាងផ្នែកខាងលិច និងខាងកើតនៃស្ពាន ដែលបច្ចុប្បន្នគម្រោងសាងសង់ស្ពានសម្រេចបានប្រមាណ៨២% ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ខាងមុខ។
ជាលទ្ធផល ក្នុងដំណើរចុះពិនិត្យសិក្សារួមគ្នាជាបន្តបន្ទាប់ រវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនប៉េងហួតគ្រុប បានឯកភាពគ្នាយកតម្រាយគន្លងផ្លូវចាស់ ប្រវែង៤៩០០ម៉ែត្រ ភ្ជាប់ទៅផ្លូវជាតិលេខ១ និងភ្ជាប់ទៅគម្រោងស្ពានទន្លេមេគង្គកោះនរា ដែលកំពុងសិក្សាផងដែរ។
តម្រាយគន្លងផ្លូវប្រវែង៤៩០០ម៉ែត្រនេះ ផ្លូវដែលមានស្រាប់សាងសង់ដោយក្រុមហ៊ុនប៉េងហួតគ្រុប មានប្រវែង៣៣០៩ម៉ែត្រ នៅខ្វះតែប្រវែង១៥៩១ម៉ែត្រ ដែលរាជរដ្ឋាភិបាលត្រូវសាងសង់បន្ត ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយពង្រីកទទឹងផ្លូវប្រវែង១៦ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយការសាងសង់កំណាត់ផ្លូវតភ្ជាប់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសការលិចលង់ក្នុងរដូវវស្សា តាមរយៈការសាងសង់ស្ថានីយបូមមួយកន្លែង។
កំណាត់ផ្លូវតភ្ជាប់បច្ចុប្បន្ន មានភាពតូចចង្អៀតមានទទឹងផ្លូវជាមធ្យមត្រឹមប្រវែងពី៥ម៉ែត្រ ទៅ៦ម៉ែត្រប៉ុណ្ណោះ និងមានប្រព័ន្ធរំដោះទឹកចាស់ និងតូច បណ្តាលឱ្យទទួលរងការលិចលង់ទឹក ក្នុងរដូវវស្សាផងដែរ៕







