ក្រុម​ហ៊ុន​ជីប ម៉ុង​ចូល​រួម​ថែរ​រក្សា​ខឿន​អរិយធ៌ម​ជាតិ​នៃ​កម្មវិធី ​”មរតក​មនុស្ស​រស់​”

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធី “សប្តាហ៍មរតកមនុស្សរស់”។

លោកជំទាវឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធី “សប្តាហ៍មរតកមនុស្សរស់” ព្រមទាំងទទួលថវិកាឧបត្ថម្ភ ពីក្រុមហ៊ុនកូនខ្មែរជីបម៉ុងដែលបានឧបត្ថម្ត ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួន៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ(រយៈពេល៥ឆ្នាំ)។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅ “ភូមិខ្មែរអ្នកធ្វើ” នៅទីតាំងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល។

លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិកា ពីសំណាក់ ក្រុមហ៊ុនកូនខ្មែរជីបម៉ុង សរបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងស្មារតីទទួលខុសត្រូវចំពោះសង្គម ។ នេះគឺជាការគាំទ្រយ៉ាងសំខាន់ដល់ការអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវិស័យវប្បធម៌ជាតិ ព្រមទាំងជាគំរូដ៏ល្អ នៃភាពជាដៃគូរវាងវិស័យឯកជន និងស្ថាប័នរដ្ឋក្នុងការរួមចំណែក ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានរំលេចពីសកម្មភាពការងារ និងការជួយជ្រោមជ្រែងយ៉ាងសកម្ម របស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង ក្នុងវិស័យវប្បធម៌ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ចំពោះការអភិរក្ស លើកតម្កើង និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ហើយក៏ជាគំរូដ៏ល្អមួយដែលបង្ហាញថា ភាពជោគជ័យក្នុងអាជីវកម្មអាចដើរទន្ទឹមគ្នា ជាមួយការរួមចំណែកដល់សង្គម និងប្រទេសជាតិ៕


ចែករំលែក