ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបើកដំណើរការ គម្រោងថ្នាក់ជាតិជាលើកដំបូង ដើម្បីរៀបចំគោលនយោបាយជាតិ សម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត (Cultural and Creative Industries – CCI)។
លើសពីនេះកម្ពុជាក៏បង្កើតមជ្ឈមណ្ឌលគាំទ្រគំរូ សម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះ ដែលជាជំហានសំខាន់មួយក្នុងការប្រែក្លាយវិស័យវប្បធម៌ ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងនវានុវត្តន៍។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយមានការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ភាពចម្រុះវប្បធម៌ (International Fund for Cultural Diversity – IFCD) របស់អង្គការ UNESCO ក្រោមអនុសញ្ញាឆ្នាំ២០០៥ ស្ដីពីការការពារ និងលើកកម្ពស់ភាពចម្រុះនៃការបញ្ចេញមតិផ្នែកវប្បធម៌។
គម្រោងនេះមានចំណងជើងថា “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រឌិតកម្ពុជា៖ ការរៀបចំគោលនយោបាយជាតិ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត និងការបង្កើតមជ្ឈមណ្ឌលគាំទ្រគំរូសម្រាប់CCC។
ក្រសួងបានឱ្យដឹងទៀតថា “វិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត គឺជាកម្លាំងដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ នវានុវត្តន៍ និងការដាក់បញ្ចូលសង្គម ព្រមទាំងមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់ការបញ្ចេញមតិតាមរយៈសិល្បៈ”។
ទោះជាយ៉ាងណា វិស័យនេះនៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានការយល់ដឹងនៅមានកម្រិត អំពីសេដ្ឋកិច្ចច្នៃប្រឌិត កង្វះទិន្នន័យ និងព័ត៌មាន ក៏ដូចជាការសម្របសម្រួល នៅមិនទាន់មានប្រសិទ្ធភាពរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ គម្រោងត្រូវបានរៀបចំឡើងដោយផ្អែកលើសសរស្តម្ភសំខាន់ពីរ។
សសរស្តម្ភទីមួយ គឺការរៀបចំ គោលនយោបាយជាតិឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ជាលើកដំបូងរបស់កម្ពុជា។ ការងារនេះរួមមានការសិក្សាប្រៀបធៀបគំរូគ្រប់គ្រងCCI នៅក្នុងតំបន់ និងអន្តរជាតិ ការធ្វើផែនទីធនធានវប្បធម៌ សហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទូទាំងប្រទេស ការបង្កើតមូលដ្ឋានទិន្នន័យ សម្រាប់រៀបចំគោលនយោបាយ និងការសម្រេចចិត្តវិនិយោគ ព្រមទាំងការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាលលើការស្រាវជ្រាវ ការធ្វើផែនទី និងការរៀបចំគោលនយោបាយ។
សសរស្តម្ភទីពីរ គឺការបង្កើត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដំបូងបង្អស់របស់កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលនេះនឹងដំណើរការជាវេទិកាទាំងផ្ទាល់ និងឌីជីថល ដោយផ្ដល់ទីធ្លាធ្វើការរួម ស្ទូឌីយោ បន្ទប់ហាត់សម និងបរិក្ខារច្នៃប្រឌិតរួម។ លើសពីនេះ វានឹងផ្ដល់សេវាប្រឹក្សាដោយឥតគិតថ្លៃពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ការចុះបញ្ជីអាជីវកម្ម ពន្ធដារ ហិរញ្ញវត្ថុ និងការចូលទៅកាន់ទីផ្សារ។
មជ្ឈមណ្ឌលក៏នឹងរៀបចំវគ្គបណ្ដុះបណ្ដាល លើការធ្វើសហគ្រិនភាព ការអភិវឌ្ឍអាជីវកម្ម ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងការបង្កើតប្រាក់ចំណូល ព្រមទាំងជំរុញកិច្ចសហការ នវានុវត្តន៍ និងការកសាងបណ្ដាញក្នុងចំណោមសហគមន៍ច្នៃប្រឌិតនៅកម្ពុជា។
ក្រសួងបានបញ្ជាក់ថា“គម្រោងនេះក៏ផ្ដោតសំខាន់ លើការពង្រីកឱកាសសម្រាប់ស្ត្រី និងយុវជន តាមរយៈការបង្កើនលទ្ធភាពទទួលបានធនធាន ការពង្រឹងជំនាញ និងការលើកកម្ពស់ការគាំទ្រផ្នែកស្ថាប័ន ដើម្បីកសាងសេដ្ឋកិច្ចច្នៃប្រឌិតដែលមានបរិយាបន្ន និងសមធម៌កាន់តែប្រសើរ”។
ក្រសួងបានអំពាវនាវឱ្យសិល្បករ អ្នកអនុវត្តការងារវប្បធម៌ សហគ្រិនច្នៃប្រឌិត គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមគាំទ្រគម្រោងនេះ។
ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានបញ្ជាក់ថា “រួមគ្នា យើងអាចកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតដ៏រស់រវើកមួយនៅកម្ពុជា ដែលជំរុញនវានុវត្តន៍ អភិរក្សបេតិកភណ្ឌវប្បធម៌ បង្កើតការងារប្រកបដោយគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព”។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា មូលនិធិIFCD របស់ UNESCO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា តាមរយៈការគាំទ្រដល់ការរៀបចំគោលនយោបាយ ការពង្រឹងសមត្ថភាព និងការលើកកម្ពស់ភាពអង់អាចរបស់យុវជន និងស្ត្រី។

មូលនិធិIFCD របស់UNESCO មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ ការគាំទ្រនេះមិនត្រឹមតែជួយអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ ជំរុញនវានុវត្តន៍ និងប្រែក្លាយវិស័យវប្បធម៌ឱ្យក្លាយជាកម្លាំងជំរុញថ្មីនៃសេដ្ឋកិច្ចជាតិ។
លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានថ្លែងថា អង្គការUNESCO មានមោទនភាពដែលបានគាំទ្រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការពង្រឹងអភិបាលកិច្ចវប្បធម៌ តាមរយៈមូលនិធិ IFCD។
លោកបានថ្លែងថា “ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងរយៈពេលវែង និងការគាំទ្រប្រកបដោយចីរភាព សម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត គម្រោងនេះនឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់វិស័យច្នៃប្រឌិតដែលមានភាពរស់រវើក ភាពធន់ និងបរិយាបន្នកាន់តែខ្លាំងនៅកម្ពុជា”។
គម្រោងនេះឆ្លុះបញ្ចាំង ពីការទទួលស្គាល់កាន់តែច្បាស់ថា វិស័យវប្បធម៌ និងច្នៃប្រឌិត មិនត្រឹមតែជួយអភិរក្សអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជាវិស័យសេដ្ឋកិច្ចថ្មី ដែលបង្កើតការងារ ជំរុញការបង្កើតថ្មី និងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ៕







