ជំនួបមន្រ្តីជាន់ខ្ពស់បានបង្ហាញពីទំនាក់ទំនងរវាងកម្ពុជា អាមេរិកកាន់តែកក់ក្តៅ

ចែករំលែក

ដោយៈ សម័យ

   ភ្នំពេញៈ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួ​យលោកជំទាវ Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍អបអរសាទរ ចំពោះការរៀបចំពិធីរំលឹកខួបលើកទី២៥០ ឆ្នាំ នៃទិវាឯករាជ្យជាតិសហរដ្ឋអាម៉េរិក ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ដោយផ្អែកលើបទពិសោធន៍របស់អាម៉េរិកកាលពី២៥០ឆ្នាំមុន គឺការកសាងជាតិមួយឱ្យរឹងមាំ មិនអាចពឹងផ្អែកតែទៅលើកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌នោះទេ ប៉ុន្តែក៏ត្រូវផ្អែកលើគុណតម្លៃរួមមួយចំនួនផងដែរ។ ជាក់ស្តែង ដូចករណីសិង្ហបុរី ដែលជាប្រទេសតូច និងគ្មានប្រវត្តិសាស្ត្រនិងវប្បធម៌រួមគ្នា ប៉ុន្តែពឹងផ្អែកលើការចែករំលែកនូវគុណតម្លៃរួម ដោយចាប់ផ្តើមពីក្រុមតូច ហើយក្លាយជាគុណតម្លៃរួម និងវេញត្របាញ់គ្នាជាធ្លុងមួយដ៏រឹងមាំក្នុងសង្គមទាំងមូលតែម្តង។

កម្ពុជាដែលមានប្រវត្តិសាស្រ្តជាង២ពាន់ឆ្នាំ ក៏អាចរៀនសូត្រពីមេរៀនបទពិសោធនេះ នៅក្នុងដំណើរការនៃការកសាងជាតិរបស់ខ្លួន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក៏ដូចជាការកសាងជាតិកម្ពុជាឱ្យបានរឹងមាំសម្រាប់រយៈពេល១០០ឆ្នាំទៅមុខទៀត។

លោកជំទាវ Aleksandra Zittle បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជាលើកទីពីរ។ លោកជំទាវបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។

លោកជំទាវបានគូសរំលេចអំពី កិច្ចសហប្រតិបត្តិការដ៏លេចធ្លោក្នុងវិស័យអាកាសចរណ៍ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ (Open Skies Agreement) និងការចូលជារដ្ឋសមាជិកនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត (Cape Town Convention)របស់កម្ពុជា។

លោកជំទាវ ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាម៉េ​រិក-អាស៊ាន (USABC) ដ៏ធំបំផុតមិនធ្លាប់មាននាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងសក្តានុពលរបស់កម្ពុជា ដែលជាគោលដៅវិនិយោគរបស់វិនិយោគិនអាម៉េរិក។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសម្ទុះវិវត្តន៍ ជាវិជ្ជមាននៃទំនាក់ទំនង មិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក៏ដូចជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនាពេលកន្លងមក ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកបញ្ជាក់ថា “សហរដ្ឋអាម៉េរិក មិនត្រឹមតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទេសចរអាម៉េរិក ក៏ស្ថិតក្នុងចំណោមក្រុមភ្ញៀវទេសចរលំដាប់ខ្ពស់ (Top list)ដែលបានមកលេងកម្សាន្តនៅកម្ពុជាផងដែរ។

លោកក៏បានកត់សម្គាល់នូវតួនាទី និងការចូលរួមយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និង USABC ដោយសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនអាម៉េរិក ពិតជាបានរួមចំណែក ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសការជួយពង្រឹងមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកវង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ឱ្យអស់ពីកម្ពុជា ដោយមិនបន្ធូរដៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលផលប្រយោជន៍អ្វីពី Online scams នេះឡើយ ប៉ុន្តែវាបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សង្គមជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស៕


ចែករំលែក