ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានធ្លាក់ចុះរយៈពេល២ខែជាប់ៗគ្នាគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ដោយសារថ្លៃដើមកម្ចីខ្ពស់ និងការព្រួយបារម្ភអំពីការផ្លាស់ប្តូរគោលនយោបាយពន្ធបានធ្វើឱ្យទីផ្សារលំនៅឋានធ្លាក់ចុះ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality តម្លៃផ្ទះទូទាំងប្រទេសបានធ្លាក់ចុះ០,៧ភាគរយធៀបនឹងខែមិថុនា ដែលជាការធ្លាក់ចុះប្រចាំខែធំបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ កំណើនតម្លៃផ្ទះប្រចាំឆ្នាំបានថយចុះមកត្រឹម៥,៣ភាគរយ។
យោងតាមការចុះផ្សាយដោយកាសែត Reuters តម្លៃផ្ទះនៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊នបានធ្លាក់ចុះច្រើនបំផុត ក្នុងរង្វង់១,៤ភាគរយ និង១,២ភាគរយរៀងៗគ្នា។
ការធ្លាក់ចុះនេះក៏បានបង្កើនការរំពឹងទុកផងដែរថា ធនាគារកណ្តាលអូស្ត្រាលីអាចនឹងផ្អាកការដំឡើងអត្រាការប្រាក់បន្ថែមទៀត បន្ទាប់ពីបានដំឡើងអត្រាការប្រាក់ចំនួន៣ដងនៅឆ្នាំនេះ។
ភាពមិនប្រាកដប្រជាលើការផ្លាស់ប្តូរគោលនយោបាយពន្ធសម្រាប់អចលនទ្រព្យវិនិយោគ និងការរំពឹងទុកនៃការធ្លាក់ចុះតម្លៃផ្ទះបន្ថែមទៀត កំពុងធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នកាន់តែខ្លាំង៕







