ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការរងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ ពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ុន គៀង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្គាប្រចាំកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោក ពីលី វង់ ត្រូវបានប្រកាសជាផ្លូវការតែងតាំងជាអគ្គកុងស៊ុលកិត្តិយស របស់ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយស ស្រីលង្កានៅកម្ពុជានេះ មានគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះការតែងតាំងអគ្គកុងស៊ុលកិត្តិយសថ្មីនាពេលនេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ ក្នុងការជម្រុញ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋស្រីលង្កាដែលរស់នៅ ឬធ្វើដំណើរមកកម្ពុជា។
ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនេះ គឺជាជំហានថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការកសាងអនាគត ប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕







