សម្តេចធិបតី បង្ហាញ​ការប្តេជ្ញាចិត្ត​សាងសង់​ផ្លូវ​ទៅ​កាន់​តំបន់​កន្ទុយនាគ​ជា​ចំណុច​ប្រសព្វ​កម្ពុជា​ វៀតណាម ​ឡាវ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ថ្លែងចេញពីលើវេទិកាក្នុងខេត្តភាគឦសាន នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ឆ្ពោះទៅកាន់តំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វរវាងប្រទេសកម្ពុជា វៀតណាម ឡាវ គឺជាមហិច្ឆតារបស់រាជរដ្ឋាភិបាល ទោះត្រូវឆ្លងកាត់ការលំបាកបែបណាក៏ដោយ ត្រូវតែពុះពារឲ្យបាន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹងត្រែង​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការខិតខំពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរទៅកាន់តំបន់កន្ទុយនាគ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងឡើយ។

សម្តេចបញ្ជាក់ថា នាពេលកន្លងទៅ ដើម្បីធ្វើដំណើរទៅតំបន់កន្ទុយនាគនេះបាន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាមសិន ទើបត្រឡប់មកវិញ ដោយសារស្ថានភាពផ្លូវឡើងពីប្រទេសកម្ពុជា គឺលំបាកខ្លាំង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឥលូវយើងកំពុងដាក់ ក្នុងគម្រោងរៀបចំសាងសងផ្លូវ៧៨កន្លះ ពីបានលុង ទៅតំបន់កន្ទុយនាគ”។ សម្តេចបន្ថែមថា “តំបន់កន្ទុយនាគ មិនដែលមានអ្នកណាបានទៅទេនៅខាងដីយើង (កម្ពុជា) បើចូលពីឥលូវគឺចោទពេក អ៊ីចឹងទាល់តែសុំចូលខាងវៀតណាមមកវិញ ខ្ញុំបានឲ្យបានគោលការណ៍ឯកឧត្តម ខ្វាន់ ស៊ាម ត្រូវពុះពារធ្វើឲ្យបានមិនថាវាត់ចម្ងាយណាទេ ត្រូវតែធ្វើឲ្យបានចូលពីដីខ្មែរដល់កន្ទុយនាគ ដើម្បីឲ្យកូនខ្មែរបាន ទៅមើលកន្លែងចុងមុំបីរវាងកម្ពុជា វៀតណាម ឡាវ ដើម្បីទៅដល់កន្លែងនោះ ដោយមិនឆ្លងកាត់ប្រទេសជិតខាង”

សម្ដេចមហាបវរធិប​តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ផ្លូវប្រៀបដូចជាសរសៃឈាមយ៉ាងដូច្នេះដែរ ពោលសរសៃឈាមទៅដល់កន្លែងណា ចិញ្ចឹមសរីរាង្គរបស់មនុស្ស នៅកន្លែងនោះ ហើយនៅពេលមានផ្លូវ គឺមានក្ដីសង្ឃឹម ខណៈប្រជាពលរដ្ឋក៏ចាប់ផ្ដើមទៅរស់នៅបង្កើតជាភូមិ បង្កបង្កើនផលចិញ្ចឹម និងក៏ជាចំណែកការពារបូរណភាពទឹកដី តាមរយៈការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ប្រៀបដូចជាសរសៃឈាមហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចរចាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកទៅជាតំបន់សេដ្ឋកិច្ចពិសេស សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មបានកាន់តែល្អប្រសើរ ទំនិញឆ្លងកាត់ទៅវិញទៅមក និងបង្កើនភាពទាក់ទាញ៕


ចែករំលែក