ក្រុមមន្រ្តីអន្តរក្រសួងបើកកិច្ចពិភាក្សាលើសូចនាករប្រតិបត្តិការភស្តុភារកម្ម និងប៉ាណូឡិកាភស្តុភារកម្ម

ចែករំលែក

   ដោយៈ និស្ស័យ

   ភ្នំពេញៈ អគ្គនាយកដ្ឋានភស្តុភារកម្ម បានរៀបចំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករប្រតិបត្តិការភស្តុភារកម្ម  និងប៉ាណូឡិកាភស្តុភារកម្ម  ក្រោមអធិបតីភាពលោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ រួមមាន ១). ពិនិត្យលើសូចនាករស្នូលទាំង៦ និងសូចនាករគាំទ្រ នៃសូចនាករប្រតិបត្តិការភស្តុភារកម្ម (LPI 2.0)សម្រាប់ប្រើប្រាស់ក្នុងការវាស់វែង ប្រសិទ្ធភាពភស្តុភារកម្មរបស់ប្រទេសកម្ពុជា និង ២). ពិភាក្សាកំណត់នូវប្រភេទទិន្នន័យភស្តុភារកម្ម សម្រាប់ដាក់ចូលទៅក្នុងប៉ាណូ ឡិកាភស្តុភារកម្ម (Logistics Dashboard)ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាងគ្រឹះស្ថាន សមាគមឯកជន តំណាងកំពង់ផែ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំនេះមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ ក្នុងការ​ប្រមូលនូវ តារាងប្រភពទិន្នន័យ ដើម្បីដាក់បញ្ជូលទៅក្នុងប៉ាណូឡិការភស្តុភារកម្ម (Logistic Dashboard) ដោយលម្អិតតាមផ្នែកនីមួយៗ ដើម្បីបង្ហាញអំពីប្រសិទ្ធិភាពប្រតិបត្តិការ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម មុននឹងឈានទៅដល់ការពិនិត្យ និងសម្រេចដោយក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា។

ការៀបចំប៉ាណូឡិការភស្តុភារកម្មគឺជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក។​ ធនាគារ​ពិភពលោក បានរៀបចំរួចរាល់ និងដាក់ជូនក្រុមប្រឹក្សាជាតិភស្តុភារកម្មនូវ របាយការណ៍ សិក្សានៃប៉ាណូឡិកាភស្ដុភារកម្ម ដែលជាឧបករណ៍សម្រាប់រក្សាទុក វិភាគ និងប្រើប្រាស់ទិន្នន័យ ដោយបង្ហាញនូវទិន្ន​ន័យភស្តុភារកម្ម ពិស្ដារ និងតាមពេលវេលាជាក់ស្ដែង  ដើម្បីគាំទ្រដល់​ការរៀបចំគោលនយោបាយជាតិ គោលនយោបាយយុទ្ធសាស្តពាក់ព័ន្ធសម្រាប់វិស័យភស្តុភារកម្មនៅកម្ពុជា៕


ចែករំលែក