ដំណឹងល្អៈ ​គម្រោង​សាងសង់​ស្ពានឆ្លងកាត់​ទន្លេបាសាក់​ព្រែកប្រា​ ចក្រអង្រែក្រោម​សម្រេច​បាន​ជាង​៨០​ភាគ​រយ​ហើយ

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៨២%ហើយ គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦នេះ ជាល្បឿនលឿនជាងផែនការគ្រោងទុក។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញពិនិត្យវឌ្ឈនភាពនៃការសាងសង់ស្ពានកាលពីថ្ងៃទី១៩ សីហាកន្លងមកនេះ។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយគ្រោងបញ្ចប់នៅពាក់កណ្ដាល ឆ្នាំ២០២៧ខាងមុខ។

បន្ថែមលើការងារស្ពាន បច្ចុប្បន្នយើងកំពុងគិតគូរពីការតភ្ជាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ត្រើយខាងកើត ភ្ជាប់ទៅផ្លូវជាតិលេខ១ ។

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពេលសម្ពោធ បើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) កាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៤ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ សិក្សាដើម្បីស្វែងរកតម្រាយផ្លូវ តភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់រំហូរចរាចរណ៍ និងប្រទាក់ក្រឡាគ្នារវាងផ្នែកខាងលិច និងខាងកើតនៃស្ពាន។

ផ្នែកពាក់ព័ន្ធបានចុះពិនិត្យសិក្សារួមគ្នាជាបន្តបន្ទាប់ រវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប៉េងហួតគ្រុប និងដោយមានការឯកភាពពីថ្នាក់ដឹកនាំ បានឯកភាពយកតម្រាយគន្លងផ្លូវចាស់ ប្រវែង ៤ ៩០០ម. ភ្ជាប់ទៅផ្លូវជាតិលេខ១ និងភ្ជាប់ទៅគម្រោងស្ពានទន្លេមេគង្គកោះនរាដែលកំពុងសិក្សាផងដែរ។

តម្រាយគន្លងផ្លូវប្រវែង៤៩០០ម.នេះ ផ្លូវដែលមានស្រាប់សាងសង់ដោយក្រុមហ៊ុនប៉េងហួតគ្រុប មានប្រវែង៣៣០៩ម. នៅខ្វះតែប្រវែង១៥៩១ម. ប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលត្រូវសាងសង់បន្តដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយពង្រីកទទឹងផ្លូវប្រវែង១៦ម. កាត់បន្ថយផលប៉ះពាល់។ ការសាងសង់កំណាត់ផ្លូវតភ្ជាប់នេះ នឹងផ្តល់ប្រយោជន៍នៃការធ្វើដំណើរងាយស្រួលជាងមុន មិនកកស្ទះ និងមានសុវត្ថិភាព ព្រមទាំងបញ្ចៀសការលិចលង់ ក្នុងរដូវវស្សាតាមរយៈការសាងសង់ស្ថានីយបូមមួយកន្លែង៕


ចែករំលែក