ភាគី​ចិន​គ្រោង​នឹង​ជំរុញ​ឱ្យ​មាន​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា​ បញ្ញា​សិប្បនិមិ្មត​កម្ពុជា-ចិន​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សា និងពិសារអាហារការងារថ្ងៃត្រង់ ជាមួយគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ថាង ឆាយចុង (Tang Caizong) តំណាងផ្នែកកំណែទម្រង់ និងការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ី។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលលោក ថាង ឆាយចុង បានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារនាពេលនេះ។

បន្ថែមលើការកត់សម្គាល់ ពីបរិស្ថានវិនិយោគនៅកម្ពុជា កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើង ពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលបាននិងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសារសំខាន់សម្រាប់បរិការណ៍សកល នាពេលបច្ចុប្បន្នក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។

ជាមួយគ្នានេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់តំបន់ស្វយ័តក្វាងស៊ី ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសចិន និងអាស៊ាន ដោយកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ លោក ថាង ឆាយចុង បានបង្ហាញពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ដែលលោកគ្រោងនឹងជំរុញ ឱ្យមានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនកម្ពុជា លើជំនាញបញ្ញាសិប្បនិម្មិត ។

បន្ថែមពីនេះ លោកក៏មានបំណងលើកកម្ពស់ការវិនិយោគ និងស្វែងរកកាលានុវត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងតំបន់ស្វ័យតក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំងភាពជាដៃគូ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការវិនិយោគរវាងភាគីទាំងពីរផងដែរ។

លោកជា វុទ្ធីបានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន នឹងអាចលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ ដើម្បីជាថ្នាលឱ្យប្រជាជនកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងចាប់យកចំណេះ និងជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា៕


ចែករំលែក