ប្រទេសចិន​ចាក់​បញ្ចូល​មូលនិធិចំនួន ​១.៦ទ្រីលានដុល្លារអាមេរិក​ ដើម្បី​ជំរុញ​ទីផ្សារលំនៅឋាន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងប្រើប្រាស់មូលនិធិចំនួន១,៦ទ្រីលានដុល្លារអាមេរិក ដើម្បីជំរុញគាំទ្រដល់ទីផ្សារលំនៅឋាន និងការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបន្តធ្លាក់ចុះ។

វិធានការថ្មីនេះនឹងចូលជាធរមាននៅខែក្រោយ។ ប្រជាជនអាចដកប្រាក់សន្សំពីមូលនិធិខាងលើសម្រាប់ការជួសជុលផ្ទះ និងការចំណាយលើលំនៅឋានសំខាន់ៗផ្សេងទៀត។

ច្បាប់ស្តីពីការប្រើប្រាស់មូលនិធិដើម្បីបង់ថ្លៃជួលផ្ទះនឹងត្រូវបានបន្ធូរបន្ថយ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងព្យាយាមបន្ធូរបន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ ដើម្បីលើសកម្ពស់ការខ្ចីប្រាក់ដើម្បីទិញផ្ទះ។

លើសពីនេះ អ្នកទិញផ្ទះក៏អាចប្រើប្រាស់ប្រាក់សន្សំពីមូលនិធិ (housing provident fund) ដើម្បីទូទាត់សងបំណុលកម្ចីទិញផ្ទះរបស់ធនាគារផងដែរ។

មូលនិធិនេះមានទំហំទឹកប្រាក់ប្រហែល ១០,៩ទ្រីលានយ័ន (១,៦ ទ្រីលានដុល្លារអាមេរិក) ពីការរួមចំណែករបស់និយោជិក និងនិយោជកជិត១៨០លាននាក់។ មូលនិធិនេះកាន់តែមានសារៈសំខាន់ ខណៈដែលធនាគារពាណិជ្ជកម្មមានការប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ។

វិធានការទាំងនេះធ្វើឡើង បន្ទាប់ពីការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃផ្ទះជាបន្តបន្ទាប់ក្នុងខែកក្កដា បានបង្កើនការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

មូលនិធិ housing provident fund គឺជាប្រព័ន្ធសន្សំប្រាក់គ្រប់គ្រងដោយរដ្ឋាភិបាល ដែលនិយោជិត និងនិយោជកធ្វើការបរិច្ចាគប្រាក់ជាប្រចាំចូលទៅក្នុងមូលនិធិ។ ប្រាក់ដែលប្រមូលបានភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីជួយដល់ការទិញផ្ទះ បង់រំលស់ផ្ទះ ជួលផ្ទះ ឬជួសជុលផ្ទះរបស់ពួកគេ៕


ចែករំលែក