ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្តេជ្ញាចិត្តរួមគ្នាការពារអ្នកវិនិយោគិនចិន នៅកម្ពុជា ដើម្បីគាំទ្របរិយាកាសវិនិយោគ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បាន សម្រាប់សហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ការប្ដេជ្ញានេះត្រូវបានលើកឡើង ក្នុងពីធីប្រគល់-ទទួល សម្ភារៈកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ របស់ភាគីចិន ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព./ACU) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
នាឱកាសនោះ លោកWang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាមួយសហគ្រាសចិនមួយចំនួននៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងប្រសិទ្ធភាព ចាត់វិធានការសកម្ម និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយគម្រោងដីធ្លី ដែលបានរាំងស្ទះដល់សហគ្រាសអស់រយៈពេលជាច្រើនឆ្នាំ។
លោកបន្តថា “ការណ៍នេះពិតជាបានការពារ នូវផលប្រយោជ៍ស្របច្បាប់ដល់សហគ្រាសចិននៅកម្ពុជា ហើយសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា កាន់តែច្រើឡើងបន្ថែមទៀត ហើយលោកបានសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យលើការប្រឆាំងអំពើពុករលួយ ដែលបានមកពីការខិតខំ”។
បើតាមឯកអគ្គរាជទូតចិន ភាគីចិនមានបំណងធ្វើការជាមួយកកម្ពុជា ក្នុងគោលបំណងជំរុញការកសាងផ្លូវនៃភាពស្អាតស្អំ និងបន្តផ្តល់ការគាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបានជូនដល់ភាគីកម្ពុជា ក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារនិងបរិក្ខា ដើម្បីជំរុញកិច្ចការប្រឆាំងអំពើពុករលួយ។

លោកបញ្ជាក់ថា ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគបរទេសដ៏ធំរបស់កម្ពុជា តាមទិន្នន័យក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានប្រមាណ២២,២៨ ពាន់លានដុល្លារ កើនឡើង២៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
ជាមួយគ្នានេះ បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព.បានមានប្រសាសន៍ថា បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកបន្តថា ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។
លោកបន្តថា “ACUនឹងបន្តគាំទ្របរិយាកាសវិនិយោគ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បាន សម្រាប់សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដែលទង្វើនេះនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី”៕







