សម្តេចធិបតីៈ ខេត្តភាគឦសាន ​ទទួលបាន​គម្រោងចំនួន៧២គម្រោង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត​៣ពាន់​លានដុល្លារ​

ចែករំលែក

ដោយៈ ចំណាន

   ក្រចេះ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា ក្រោមកម្មវិធីពិសេស សម្រាប់ការវិនិយោគនៅខេត្តភាគឦសាន ពេលនេះទទួលបានគម្រោងចំនួន៧២គម្រោង ដោយមានទុនវិនិយោគ សរុបជិត៣ពាន់លានដុល្លារ ក្នុងនោះខេត្តក្រចេះទទួលបានរហូត១៩គម្រោង។

សម្តេចបានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត១០០គីឡូម៉ែត្រ តម្លៃជិត៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា “គឹតត្រឹមថ្ងៃទី០៧ ខែសីហា កន្លងទៅនេះ គម្រោងវិនិយោគសរុប មានចំនួន៧២គម្រោង ក្នុងនោះ គម្រោងចំនួន៥៧ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី ដែលមានទុនសរុបនៅក្នុងគម្រោងទាំងនោះ ២,៧០០លានដុល្លារ”

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងស្នើសុំទាំង៧២គម្រោងនេះ អាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋជិត៨ម៉ឺនកន្លែង។

ដោយឡែក សម្រាប់ខេត្ដក្រចេះ មានចំនួន១៩គម្រោង ក្នុងនោះ គម្រោងចំនួន១៤ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី សរុបទុន១,១០០លានដុល្លារ ដែលគ្រោងប្រើប្រាស់កម្មករ ជាង២,៦០០នាក់ ពេលគម្រោងទាំងនោះ ដាក់ឲ្យដំណើរការ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ទៅថ្ងៃមុខនឹងមានផែពហុបំណង នៅក្នុងខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹក។ ផែពហុបំណងនេះ ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៥”  ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្មវិធីនេះ មានគោលបំណងប្រែក្លាយភូមិភាគឦសាន រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល។ កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានចំនួនបីសំខាន់ៗ ទី១ កែប្រែមុខមាត់ខេត្តទាំងបួនឱ្យក្លាយជាខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។ ទី៣ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale)។

ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួនបីប្រភេទ រួមមាន៖ វិធានការផ្នែកពន្ធដារ និងពន្ធគយ ការផ្ដល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ និងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕


ចែករំលែក