ដោយៈ ចំណាន
ភ្នំពេញៈ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូ ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ខេត្តហ៊ូណាន ដឹកនាំដោយលោកDeng Luoxing មន្ត្រីត្រួតពិនិត្យថ្នាក់ទី១ ក្នុងឱកាសដែលគណៈប្រតិភូ អញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនេះ លោក Deng Luoxing បានថ្លែងថា ធុរជនខេត្តហ៊ូណាន មានបំណងចង់បើកទីផ្សារថ្មី ព្រមទាំងស្វែងយល់ និងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា ខណៈពេលដែលសមាជិកមួយចំនួននៃគណៈប្រតិភូកំពុងមានវត្តមាន និងសិក្សាស្រាវជ្រាវបរិបទទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។
បន្ថែមពីលើនេះ លោកក៏បានគោរពអញ្ជើញ សភាពាណិជ្ជកម្មកម្ពុជាឱ្យដឹកនាំគណៈប្រតិភូ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នៅខេត្តហ៊ូណាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងដោយថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់។
អ្នកឧកញ៉ាបានបន្ថែមថា វិនិយោគិនចិនដែលបានមកវិនិយោគនៅកម្ពុជានាពេលកន្លងមក សុទ្ធសឹងតែទទួលបានជោគជ័យ ហើយធុរជនទាំងអស់នោះជាតឹកតាង និងជាកត្តាទាក់ទាញដ៏សំខាន់ក្នុងការជំរុញគណៈប្រតិភូ និងវិនិយោគិនថ្មីៗបន្ថែមទៀត មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតបទៅកាន់លោក តេង លួវស៊ីង អ្នកឧកញ៉ាបានទទួលយកការអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ និងពិនិត្យលទ្ធភាពរៀបចំគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជាចូលរួមកម្មវិធីនេះ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើតភាពជាដៃគូយូរអង្វែងរវាងភាគីទាំងពីរ។
ភាគីទាំងពីរប្តេជ្ញាបន្តនិង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ច គណៈប្រតិភូទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕







