ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហេង សុធី អគ្គនាយក នៃឣគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការដឹកជញ្ជូនផ្លូវសមុទ្រ ក្រោមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។
សិក្ខាសាលានេះមានការអញ្ជើញ ចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹងជញ្ជូនទាំង៤ខេត្តជាប់តំបន់ឆ្នេរ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុននាវា ភ្នាក់ងារនាវា ប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និងសិក្ខាកាមជាច្រើនរូបផ្សេងទៀតផងដែរ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ឆ្នាំ២០២៤ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនផ្លូវសមុទ្រ ដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបានស្វែងយល់កាន់តែច្បាស់ បន្ថែមទៀតពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ការប្រមូលធាតុចូលពីការអនុវត្តការងារជាក់ស្តែង សំដៅពង្រឹងកិច្ចសហការអន្តរស្ថាប័ន រវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកបង្កើតបរិយាកាស ដឹកជញ្ជូនតាមផ្លូវទឹក និងប្រតិបត្តិការកំពង់ផែឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ៕







