បុរី វិមានសំណាង ​សហការជាមួយ​ក្រុមហ៊ុនមូលបត្រ​ កាណាឌីយ៉ា ​រៀបចំ​កម្មវិធីរ៉ូដសូ ​(Roadshow) ​ស្តីពី ​«ការបោះ​ផ្សាយលក់​មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈ​លើកដំបូង​ (IPO)»​ ប្រកបដោយជោគជ័យ ​និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អ្នក​វិនិយោគ

ចែករំលែក

រាជធានីភ្នំពេញ នាថ្ងៃរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅអាគារ Elyse កោះពេជ្យ បុរី វិមានសំណាង បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា (Canadia Securities) រៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងអធិកអធម ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ បុរី វិមានសំណាង ព្រមទាំងមានការចូលរួមពីសំណាក់វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងកម្លាំងកំណើនសេដ្ឋកិច្ចរបស់ បុរី វិមានសំណាង ព្រមទាំងផ្តល់ឱកាសមាសដល់សាធារណជន និងវិនិយោគិនក្នុងការចូលរួមចំណែកធ្វើជាម្ចាស់អាជីវកម្ម និងទទួល បានផលចំណេញខ្ពស់តាមរយៈការវិនិយោគលើភាគហ៊ុនរបស់ក្រុមហ៊ុន។

នៅក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនបានដាក់ចេញនូវ អត្ថប្រយោជន៍ហិរញ្ញវត្ថុយ៉ាងពិសេសមិនធ្លាប់មាន សម្រាប់អ្នកវិនិយោគដែលបានចូលរួម និងសម្រេចចិត្តទិញចាប់ពី ១០,០០០ ភាគហ៊ុន ឡើងទៅ រួមមាន៖

ទទួលបានសាច់ប្រាក់ត្រឡប់មកវិញ (Cash Back) 5% ភ្លាមៗ៖ នៅពេលដែលក្រុមហ៊ុនចុះបញ្ជី និងឡើងផ្សារមូលបត្រកម្ពុជា (CSX) ផ្លូវការ។

ការធានាភាគលាភប្រចាំឆ្នាំ (Guaranteed Annual Dividend)៖ ទទួលបានការធានាផលតបស្នងជាភាគលាភប្រចាំឆ្នាំរហូតដល់ 8% រយៈពេល៥ឆ្នាំ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ បុរី វិមានសំណាង បានមានប្រសាសន៍ថា៖ «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) នាពេលនេះ គឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ បុរី វិមានសំណាង ក្នុងការពង្រីកវិសាលភាពអាជីវកម្ម និងបង្កើនភាពរឹងមាំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែមានតម្លាភាព។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានសហការជាមួយក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ហើយយើងជឿជាក់យ៉ាងមុតមាំថា កញ្ចប់ផលប្រយោជន៍ពិសេស និងការធានាភាគលាភ 8% នេះ និងទំនុកចិត្តខ្ពស់បំផុតជូនដល់បងប្អូនវិនិយោគិនទាំងអស់»។

ព្រឹត្តិការណ៍ Roadshow នេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានការចុះឈ្មោះទិញភាគហ៊ុនយ៉ាងច្រើនលើសលប់ពីសំណាក់វិនិយោគិន ដែលនេះជាសញ្ញាណបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងលើការដឹកនាំ និងនាវានៃក្រុមហ៊ុន បុរី វិមានសំណាង លើផ្លូវឆ្ពោះទៅកាន់ការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានាពេលខាងមុខ។

 


ចែករំលែក