ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងមានគម្រោងបង្កើនការចំណាយយ៉ាងច្រើនលើការសាងសង់លំនៅឋានសាធារណៈនៅឆ្នាំក្រោយ ដើម្បីដោះស្រាយកង្វះខាតលំនៅដ្ឋាន ជាពិសេសនៅក្នុងតំបន់ទីក្រុងសេអ៊ូល។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) មានគម្រោងបែងចែកថវិកាចំនួន ៣០ទ្រីលានវ៉ុន (ប្រមាណ២២ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយសម្រាប់ការសាងសង់លំនៅឋានសាធារណៈ កើនឡើង ៤១,៥ភាគរយបើធៀបនឹងឆ្នាំនេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងផ្តល់លំនៅឋានសាធារណៈចំនួន ២១៨.០០០ យូនីតនៅឆ្នាំ២០២៧ កើនឡើង ១២,៤ភាគរយធៀបនឹងនេះ និងចំនួនជាង ១,១ លានយូនីតនៅឆ្នាំ ២០៣០។
ក្នុងនោះ លំនៅឋានចំនួន ១៧២.០០០យូនីតនឹងត្រូវបានជួលជាសាធារណៈ ខណៈលំនៅឋានសម្រាប់ដាក់លក់ជាសាធារណៈមានចំនួន ៣៤.០០០យូនីត។
រដ្ឋាភិបាលគ្រោងនឹងចំណាយប្រាក់ចំនួន ៦២០ ពាន់លានវ៉ុនលើលំនៅឋាន «ជួលសាធារណៈជាសកល» (universal public rental) ថ្មីចំនួន ៣៣.០០០យូនីត ហើយចំនួនលំនៅឋានយ៉ាងតិច៥០ភាគរយនឹងត្រូវបម្រុងទុកសម្រាប់អ្នកទិញផ្ទះវ័យក្មេង។
ការផ្តល់ជំនួយដល់ការជួលលំនៅឋានប្រចាំខែសម្រាប់យុវជននឹងកើនឡើង៧៨,៤ភាគរយ ពី១៣០ពាន់លានវ៉ុន ដល់ចំនួន២៣១,៩ពាន់លានវ៉ុន៕







