ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុន​BYD​បង្ហាញ​ឆន្ទៈ​រពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនBYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយកាយវិការស្វាគមន៍យ៉ាងរាក់ទាក់ និងស្និទ្ធស្នាលបំផុតពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនដឹកនាំដោយ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។

ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ភាពរីកចម្រើននៃបច្ចេកវិទ្យាយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដ៏ទំនើបរបស់ក្រុមហ៊ុនBYD ជាពិសេសបច្ចេកវិទ្យា នៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតរបស់ BYD (Flash Charging Flagship Station) ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរយៈពេលបញ្ចូលថាមពល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង ដែលល្បឿននៃការបញ្ចូលថាមពល ប្រើប្រាស់រយៈពេលត្រឹមតែប្រមាណ១០នាទីប៉ុណ្ណោះ។

ជាមោទនភាព កម្ពុជាគឺជាប្រទេសទីមួយ នៅក្រៅប្រទេសចិន ដែលទទួលបានសិទ្ធិនាំយកនូវបច្ចេកវិទ្យា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ មកអនុវត្តន៍ និងដំឡើងជាផ្លូវការ។ បច្ចុប្បន្ននេះ ដំណើរការរៀបចំនិងដំឡើងស្ថានីយ Flash Charging ទាំងនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម នៅក្នុងប៉ូលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗចំនួន៣របស់កម្ពុជា រួមមាន (១)រាជធានីភ្នំពេញ, (២)ខេត្តព្រះសីហនុ, និង (៣)ខេត្តសៀមរាប ហើយរំពឹងថាត្រឹមបំណាច់ឆ្នាំ២០២៦ ស្ថានីយចំនួន១៨ទីតាំង នឹងបើកឱ្យដំណើរការផ្តល់នូវសេវាកម្មបញ្ចូល ថាមពលយានយន្តអគ្គិសនីល្បឿនលឿនបំផុតនេះ។

គណៈប្រតិភូកម្ពុជា បានបន្តទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញ ដើម្បីស្វែងយល់បន្ថែមអំពីសាវតា និងសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗនានា ដែលក្រុមហ៊ុនសម្រេចបាន តាមរយៈការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ក្នុងនោះដែរ គណៈប្រតិភូបានទស្សនាការធ្វើតេស្តសាកល្បងដោយផ្ទាល់នូវ ការបញ្ចូលថាមពលអគ្គិសនី ក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង (Extreme Cold Charging) ដែលជាបច្ចេកវិទ្យាដ៏សំខាន់ និងជាចំណុចខ្លាំងមួយរបស់ក្រុមហ៊ុនBYD ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៃយានយន្តអគ្គិសនី ក្នុងរដូវរងាខ្លាំង ឬតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងកម្រិតបង្កក និងការធ្វើតេស្តសុវត្ថិភាពអាគុយដោយការចាក់ទម្លុះដោយដែកគោល (Nail Penetration Test) ជាវិធីសាស្ត្រធ្វើតេស្តសុវត្ថិភាព អាគុយយានយន្តអគ្គិសនីកម្រិតខ្ពស់ និងម៉ត់ចត់បំផុត នៅក្នុងឧស្សាហកម្មយានយន្ត ដើម្បីវាស់ស្ទង់ភាពធន់ និងហានិភ័យនៃការឆាបឆេះ ឬផ្ទុះ នៅពេលអាគុយរងការខូចខាតធ្ងន់ធ្ងរ។

បន្ទាប់ពីទស្សនាការបង្ហាញរថយន្តម៉ូឌែលថ្មី និងបច្ចេកវិទ្យាទំនើបទាន់សម័យចុងក្រោយ នៅក្នុងមជ្ឈមណ្ឌលតាំងបង្ហាញរួចមក លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD Co., Ltd.។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ជឿនលឿនរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី និងរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ និងអភិវឌ្ឍន៍ថាមពលស្អាតកកើតឡើងវិញ ព្រមទាំងការការពារបរិស្ថានសកលលោកប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនទានយ៉ាងស៊ីជម្រៅ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនBYD ព្រមទាំងបានអញ្ជើញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាស្រាវជ្រាវអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដើម្បីឈានទៅដល់ ការបង្កើនសមត្ថភាពផលិតកម្មរបស់ រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ ការវិនិយោគលើការបង្កើតបណ្តាញ ស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BYD បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើន និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញឆន្ទៈ ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះផងដែរ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក និងការជំរុញការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងកម្ពុជានិងក្រុមហ៊ុនBYDផងដែរ។

លទ្ធផលផ្លែផ្កានៃជំនួបនេះ នឹងក្លាយជាបុរេលក្ខខណ្ឌដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សំដៅរួមចំ​ណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថានប្រកប​ដោយចីរភាព៕


ចែករំលែក