ដោយៈ ចំណាន
ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា អាចជាកត្តាជំរុញដ៏សំខាន់មួយ សម្រាប់កំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យក្នុងរយៈពេលវែង ជាពិសេសចាប់ពីឆ្នាំ២០២៧ ដល់២០៣៥។
ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ មិនអាចបង្កើតឱ្យមានការរីកចម្រើនខ្លាំងនៃវិស័យអចលនទ្រព្យ ដោយស្វ័យប្រវត្តិបានឡើយ។
មូលហេតុដែលអ្នកជំនាញបង្ហាញសុទិដ្ឋិនិយម ចំពោះរយៈពេលវែង ដោយសារកត្តាមួយចំនួនដូចជា ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូនកាន់តែប្រសើរ៖ កម្មវិធីតភ្ជាប់ក្នុងតំបន់ថ្មីរបស់ធនាគារពិភពលោក (World Bank) ត្រូវបានរៀបចំឡើងដើម្បីកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូន កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងជំរុញការវិនិយោគពីវិស័យឯកជន។
១. នគរូបនីយកម្ម
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថាចំនួនប្រជាជន រស់នៅតំបន់ទីក្រុងរបស់កម្ពុជានឹងកើនឡើង ដោយកំណើននេះនឹងរីករាលដាលហួសពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងបន្ទាប់បន្សំផ្សេងទៀតដូចជា បាវិត បាត់ដំបង កំពត សៀមរាប និងព្រះសីហនុ។
ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពជាតិ៖ ធនាគារពិភពលោកចាត់ទុកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធថា ជាអាទិភាពខ្ពស់បំផុតមួយរបស់កម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានការងារ ដែលមានគុណភាព និងបង្កើនភាពប្រកួតប្រជែងក្នុងរយៈពេលវែង។

២. ការងើបឡើងវិញនៃសេដ្ឋកិច្ច
បច្ចុប្បន្នធនាគារពិភពលោកព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងមានប្រហែល៣,៩% នៅឆ្នាំ២០២៦ និង ៤,៩% នៅឆ្នាំ២០២៧ ទោះបីជាមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងបញ្ហាប្រឈមផ្សេងៗទៀតក៏ដោយ។ ប៉ុន្តែផលប៉ះពាល់លើវិស័យអចលនទ្រព្យ នឹងមិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ។
ហេដ្ឋារចនាសម្ព័ន្ធថ្មី ជម្រុញការតភ្ជាប់កាន់តែប្រសើរ ធ្វើឲ្យអាជីវកម្ម/ការងារ ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជន និងជម្រុញតម្រូវការកើនឡើងសម្រាប់លំនៅដ្ឋាន ហាងលក់ទំនិញ ឃ្លាំង និងដីធ្លី។
ដូច្នេះ ឱកាសដ៏ធំបំផុតមិនមែនចាំបាច់ជាដី ដែលមានតម្លៃថ្លៃនៅកណ្តាលទីក្រុងនោះទេ។ ជារឿយៗ វាគឺជាតំបន់ដីដែលមានកត្តាជំរុញសំខាន់ៗជាច្រើនមានភាពប្រទាក់ក្រឡាគ្នា លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ឱកាសការងារ កំណើនប្រជាជន កំណើនសេវាកម្ម និងតម្លៃដីសមរម្យ។
កម្ពុជានៅតែជួបប្រទះនឹងការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ហើយការងើបឡើងវិញនៃវិស័យសំណង់ នៅតែមានភាពយឺតយ៉ យោងតាមទស្សនៈរយៈពេលវែង របស់អ្នកជំនាញបានបង្ហាញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាចធ្វើឱ្យរយៈពេលពីឆ្នាំ២០២៧ ដល់ ២០៣០ ក្លាយជាដំណាក់កាលនៃការត្រៀមរៀបចំ និងកំណត់ទីតាំងយុទ្ធសាស្ត្រ ដោយឱកាសដ៏ល្អប្រសើរ ទំនងជានឹងកើតមានឡើងនៅតំបន់ដែលមានអាជីវកម្មជាក់ស្តែង ការបង្កើតការងារ និងកំណើនប្រជាជនកើតឡើង តាមក្រោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មិនមែនគ្រាន់តែជាតំបន់ ដែលមានការប្រកាសអំពីគម្រោង ឬការសាងសង់ផ្លូវថ្នល់ប៉ុណ្ណោះទេ៕







